(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានបើកកិច្ចសន្ទនាមួយតាមទូរស័ព្ទ ដើម្បីអបអរសាទរការចាប់ផ្ដើមខែរ៉ាម៉ាឌន ដែលជាខែតមអាហារនៅពេលថ្ងៃរបស់អ្នកកាន់សាសនាអ៉ីស្លាម ជាមួយការសន្យាថានឹងជួបមុខគ្នាដោយផ្ទាល់ឆាប់ៗនេះ ក្នុងគោលបំណងអនុវត្តតាមកិច្ចព្រមព្រៀងផ្សះផ្សាជម្លោះរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ (Faisal bin Farhan) បានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) ហើយសមភាគីទាំង២ បានអបអរសាទរគ្នា ទៅវិញទៅមក នាឱកាសនៃការចាប់ផ្ដើមខែរ៉ម៉ាឌន នៅក្នុងប្រទេសទាំង២នៅថ្ងៃព្រហស្បតិ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថារដ្ឋមន្ត្រីការបរទេសទាំង២ ក៏បានឯកភាពផងដែរលើការរៀបចំ កិច្ចប្រជុំទេ្វភាគីឆាប់ៗខាងមុខ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបើកស្ថានទូត និងស្ថានកុងស៊ុលឡើងវិញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ត្រូវបានប្រកាសកាលពីថ្ងៃទី១០ ខែមីនា នៅឯទីក្រុងប៉េកាំង ក្រោមការសម្របសម្រួលពីចិន។ ប្រទេសទាំង២ បានផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នា កាលពីឆ្នាំ២០១៦ ក្រោយស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសអ៉ីរ៉ង់រងការវាយប្រហារពីសំណាក់ក្រុមបាតុករ ដែលខឹងសម្បារយ៉ាងខ្លាំងចំពោះទីក្រុងរីយ៉ាដ នៅពេលនោះ ជុំវិញការកាត់ទោសប្រហារជីវិតបុព្វជិតនិកាយស៉ីអ៉ីតដ៏ល្បីឈ្មោះម្នាក់៕