(ប្រាទីស្លាវ៉ា)៖ រដ្ឋមន្រ្តីការពារជាតិស្លូវ៉ាគី លោក ចារ៉ូស្លាវ ណាដ (Jaroslav Nad) បានឱ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកបានស្នើ​លក់ឧទ្ធម្ភាគចក្រស៊េរីថ្មី Bell AH-1Z Viper ចំនួន១២គ្រឿង មកឱ្យប្រទេសរបស់លោក ជាមួយការបញ្ចុះតម្លៃ២ភាគ៣ បន្ទាប់ពី​ទីក្រុងប្រាទីស្លាវ៉ាបានប្រកាសបរិច្ចាគ យន្តហោះចម្បាំង MiG-29 ដែលចូលនិវត្តន៍ឱ្យទៅអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងសង្រ្គាម​ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

លោក ណាដ បានបន្តថា ទោះមានសំណើពីទីក្រុងវ៉ាស៉ីនតោនក៏ដោយ រដ្ឋាភិបាលរបស់លោក ចាំបាច់ត្រូវតែអនុម័តកិច្ចព្រមព្រៀង​នេះសិន ដែលនៅក្រោមនោះ ស្លូវ៉ាគីនឹងត្រូវចំណាយថវិកាសរុប៣៤០លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ សម្រាប់កញ្ចប់លក់ឧទ្ធម្ភាគចក្រដែលមានតម្លៃ ១ពាន់លានដុល្លារ។ ថវិកាប៉ុន្មានរយលានដុល្លារទៀត នឹងត្រូវរ៉ាប់រងនៅក្រោមកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធាបរទេស របស់អាមេរិក។ ក្រៅពីនេះ វាក៏នឹងរួមមានគ្រឿងបន្លាស់ ការហ្វឹកហាត់ ព្រមទាំងមីស៉ីល AGM-114 Hellfire ចំនួនជាង៥០០គ្រាប់ផងដែរ។

ស្លូវ៉ាគីដែលជាសមាជិកមួយរបស់អង្គការណាតូ (NATO) បច្ចុប្បន្នមិនមានឧទ្ធម្ភាគចក្រប្រភេទប្រយុទ្ធនោះទេ។ កាលពីរដូវក្តៅឆ្នាំ២០២២ ស្លូវ៉ាគីបានដាក់ក្រុមយន្តហោះចម្បាំង MiG របស់ខ្លួនឱ្យចូលនិវត្តន៍ ហើយបានពឹងផ្អែកលើប្រទេសជិតខាងនៅតំបន់អឺរ៉ុបកណ្តាល ដូចជា​សាធារណរដ្ឋឆែក ប៉ូឡូញ និងហុងគ្រី ដើម្បីជួយគាំទ្រកិច្ចការពារដែនអាកាស។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ស្លូវ៉ាគីបានក្លាយសម្ព័ន្ធមិត្តទី២របស់អ៊ុយក្រែន គឺបន្ទាប់ពីប៉ូឡូញ ដែលបានផ្តល់យន្តហោះចម្បាំងឱ្យដល់​ទីក្រុងកៀវ។ ក្រៅពីសំណើលក់ឧទ្ធម្ភាគចក្រប្រយុទ្ធពីអាមេរិក ស្លូវ៉ាគីក៏នឹងទទួលបានថវិកាលើកទឹកចិត្តជិត២៧០លានដុល្លារថែមទៀតផង ពីសហភាពអឺរ៉ុប៕