(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងគ្រោងពន្លឿនដំណើរការផ្តល់រថក្រោះ Abrams របស់ខ្លួន ឱ្យរដ្ឋាភិបាលទីក្រុងកៀវ ជាមួយគោលដៅបញ្ជូនសព្វាវុធសំខាន់នេះទៅដល់ដៃអ៊ុយក្រែន ឱ្យបាននៅកំលុងរដូវស្លឹកឈើជ្រុះ​ខាងមុខ ពោលគឺចន្លោះខែកញ្ញា-វិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

កាលពីខែមករា សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់រថក្រោះ Abrams ស៊េរី M1A2 ដែលប្រើម៉ាស៉ីនតួប៊ីនហ្គាសពិសេស ចំនួន៣១គ្រឿង ក៏ប៉ុន្តែនឹងត្រូវប្រើពេលរាប់ខែ ឬចូលដល់ខ្ទង់ឆ្នាំ ទើបពួកវាអាចត្រូវបញ្ជូនទៅដល់អ៊ុយក្រែន។ យ៉ាងណាមិញ នាពេលនេះ លោក ផាទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក ក្រោមការទាក់ទងជិតស្និទ្ធ​ជាមួយអ៊ុយក្រែន បានសម្រេចចិត្តផ្តល់រថក្រោះ Abrams ស៊េរី M1A1 SA វិញ ដែលមានម៉ាស៉ីនដំណើរការ​ដោយប្រេងម៉ាស៊ូត ដូចទៅនឹងរថក្រោះ​ភាគច្រើនដទៃទៀត ដែលអ៊ុយក្រែនធ្លាប់ប្រើប្រាស់ស្រាប់់ដែរ។

គួរបញ្ជាក់ថា បើតាមលោក រ៉ៃដឺ ការផ្លាស់ប្តូរខាងលើ នឹងជួយពន្លឿនពេលវេលានៃការបញ្ជូនរថក្រោះ Abrams បានយ៉ាងច្រើន ហើយនឹង​នាំយកពួកវាទៅដល់ដៃអ៊ុយក្រែន នៅត្រឹមកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ កាលពីខែមករា មន្ទីរបញ្ចកោណបានត្រៀមកញ្ចប់ថវិកាចំនួន ៤០០លានដុល្លារ សម្រាប់ផែនការដំបូងនៃការផ្តល់រថក្រោះ Abrams ស៊េរី M1A2 ឱ្យអ៊ុយក្រែន ខណៈលោក រ៉ៃដឺ បាននិយាយថា ថវិកានោះនឹងត្រូវប្រើប្រាស់ សម្រាប់ផែនការបញ្ជូនស៊េរី M1A1 វិញ៕