(កាប៊ុល)៖ ក្រុមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់បានស្លាប់ និងជាង ៩០នាក់បានរងរបួសនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

បើតាមមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន មនុស្សចំនួន ៩នាក់បានស្លាប់ និង៤៤នាក់ទៀតរងរបួសនៅភាគពាយព្យនៃប្រទេស។ ចំណែកអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ៥០នាក់។ អាជ្ញាធរ​បានឲ្យដឹង​ថា ផ្ទះ​និង​អគារ​ក្នុង​ប្រទេស​ទាំង​ពីរ​ក៏​រង​ការ​ខូចខាតផងដែរ។

គ្រោះរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ដឹងថាកើតឡើង លើផ្ទៃដីជាង ១,០០០គីឡូម៉ែត្រក្រឡាគ្របដណ្តប់ដោយប្រជាជនប្រមាណ ២៨៥លាននាក់ នៃប្រទេសប៉ាគីស្ថាន ឥណ្ឌា អ៊ូសបេគីស្ថាន តាជីគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន អាហ្វហ្គានីស្ថាន និងតូមិននីស្ថាន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សជាង ១,០០០នាក់។ ដោយឡែក នៅឆ្នាំ២០០៥ មនុស្សយ៉ាងតិច ៧៣,០០០នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រដែលបានវាយប្រហារភាគខាងជើងប្រទេសប៉ាគីស្ថាន៕