(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ មានផែនការបម្រុងទុកជាស្រេច ក្នុងករណីដែលចិនធ្វើសកម្មភាពណាមួយកំលុងដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតី សៃ អ៉ីងវិន ទៅបរទេស នៅសប្ដាហ៍ក្រោយ។ នេះបើតាមអនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​​ នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

ការលើកឡើងខាងលើរបស់អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ប៉ាវ ហុង ហ៊ុយ (Po Horng-huei) នៅថ្ងៃពុធនេះ កើតមានឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកស្រី សៃ អ៉ីងវិន ទៅកាន់តំបន់អាមេរិកកណ្ដាល ជាមួយគម្រោងឈប់សំចតនៅក្នុងសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើចិនអាចនឹងបង្កើនការធ្វើសមយុទ្ធយោធា នៅពេលដែលលោកស្រី សៃ បំពេញទស្សនកិច្ចទៅបរទេស ដែរឬក៏យ៉ាងណា លោក ប៉ាវ បានគូសបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេច។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះ បន្ថែមថា កំលុងដំណើរទស្សនកិច្ចរបស់លោកស្រី សៃ ខាងក្រសួងការពារជាតិតៃវ៉ាន់ មានផែនការបម្រុងទុកជាស្រេច សម្រាប់ទប់ទល់នឹងរាល់សកម្មភាពទាំងឡាយរបស់ចិន ប៉ុន្តែមិនបានលម្អិតពីផែនការនេះនោះទេ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោកស្រី សៃ អ៉ីងវិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសក្វាតេម៉ាឡា ​និងប្រទេសបេលី ដែលនៅបន្តរក្សាទំនាក់ទំនងទូតជាមួយតៃវ៉ាន់ នៅសប្ដាហ៍ក្រោយ ជាមួយ គម្រោងឈប់សំចតនៅទីក្រុង ញូវយ៉ក និងទីក្រុង ឡូស អាន់ជែលឡែស សហរដ្ឋអាមេរិក។ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី សៃ សហរដ្ឋអាមេរិកក៏បាននិយាយដែរថាគ្មានហេតុផលណាមួយដែល ចិនត្រូវធ្វើប្រតិកម្មតបតទៅនឹងដំណើរទស្សនកិច្ច របស់លោកស្រី សៃ នោះទេ ពីព្រោះការឈប់សំចតបែបនេះ គ្រាន់តែជាសកម្មភាពធម្មតា ហើយក៏ធ្លាប់កើតឡើងពីមុនៗមកដែរ៕