(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការស្វាគមន៍ចំពោះឆន្ទៈរបស់ចិន ក្នុងការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងចិន និងរុស្ស៉ី បានឈានដល់ចំណុចខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយលោក ពូទីន អមជាមួយក្ដីសង្ឃឹមថាលោកអាចនឹងរកច្រកចេញស្ដីពី វិបត្តិអ៊ុយក្រែន ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួនាទីជាអ្នកស្វែងរកសន្តិភាពឱ្យពិភពលោក។ ថ្លែងនៅក្នុងអត្ថបទមួយ ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន និងវិមានក្រឹមឡាំ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «កម្រិតនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងស្ថិតនៅចំណុចខ្ពស់ជាងសម្ព័ន្ធភាពនយោបាយ និងយោធាកាលពីសម័យសង្រ្គាមត្រជាក់ ទៅទៀត»

លោក ពូទីន បន្ថែមថាលោកផ្ទាល់រំពឹងខ្ពស់ថាជំនួបជាមួយលោក ស៊ី ជិនពីង នឹងទទួលបានផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនានេះ ដែលនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំពិភពលោក ដំបូងគេបំផុត ដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕