(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ (១៦ មីនា) បានជំរុញឱ្យមហាសេដ្ឋី និងឥស្សរជនធុរកិច្ចរបស់រុស្ស៊ី វិនិយោគលើបច្ចេកវិទ្យាថ្មី រោងចក្រផលិត និងក្រុមហ៊ុន ដើម្បីជួយរុស្ស៊ីយកឈ្នះលើអ្វីដែលលោកហៅថា ការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក ពូទីន ក៏បាននិយាយផងដែរថា រហូតមកដល់ពេលនេះ រុស្ស៊ីបានប្រឆាំងនឹងការប៉ុនប៉ងទាំងនេះ ហើយថាក្រុមហ៊ុនលោកខាងលិចដែលសម្រេចចិត្តស្នាក់នៅក្នុងប្រទេសរុស្ស៊ី ជាជាងរត់ភៀសខ្លួនកាលពីឆ្នាំមុន ជាការធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃមួយ។

ថ្លែងទៅកាន់ឥស្សរជនធុរកិច្ចរបស់រុស្ស៊ីដោយផ្ទាល់ ជាលើកដំបូងចាប់តាំងពីថ្ងៃ ដែលលោកបានបញ្ជូនកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន លោក ពូទីន បានប្រាប់ពួកគេថា តួនាទីរបស់ពួកគេមិនមែនគ្រាន់តែរកលុយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រដល់សង្គម។

លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «សហគ្រិនដែលមានទំនួលខុសត្រូវ គឺជាពលរដ្ឋពិតប្រាកដរបស់ប្រទេសរុស្ស៊ី ដែលយល់និងធ្វើសកម្មភាពក្នុងផលប្រយោជន៍របស់ប្រទេសជាតិ»

លោក ពូទីន ក៏បានប្រាប់មេដឹកនាំធុរកិច្ចទាំងនោះថា រុស្ស៊ីកំពុងប្រឈមមុខនឹង «សង្គ្រាមដាក់ទណ្ឌកម្ម» ប៉ុន្តែកំពុងជំរុញសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័សទៅកាន់ប្រទេសដែលមិនដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយបានថ្លែងអំណរគុណដល់ពួកគេសម្រាប់ការខិតខំប្រឹងប្រែងដើម្បីជួយដល់រដ្ឋាភិបាលរុស្ស៊ី៕