(មូស្គូ)៖ ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់អាសាដ (Bashar Al-Assad) បានប្រាប់ថា រូបលោកនឹងស្វាគមន៍ចំពោះសំណើទាំងឡាយរបស់រុស្ស៉ី ស្តីពីបំណងបង្កើតមូលដ្ឋានយោធាថ្មីៗនិងបង្កើនចំនួនកងទ័ពរុស្ស៉ីនៅក្នុងប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក អាសាដ ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា វត្តមានយោធារុស្ស៉ី នៅស៉ីរី មិនចាំបាច់ត្រឹមមានលក្ខណៈជាបណ្តោះនោះឡើយ។ លោកប្រធានាធិបតីស៉ីរីបាននិយាយដូច្នេះថា «យើងជឿថាប្រសិនបើរុស្ស៉ីមានបំណងចង់ពង្រីកមូលដ្ឋានទ័ព ឬបង្កើនចំនួនទាហានរបស់ខ្លួន វាគ្រាន់ជាបញ្ហាបច្ចេកទេសឬឡូជីស្ទីគប៉ុណ្ណោះ។ ប្រសិនបើទីក្រុងមូស្គូមានចេតនាបែបនោះមែន យើងយល់ថាការពង្រីកវត្តមានរុស្ស៉ីនៅស៉ីរី គឺជារឿងល្អ»។ សម្តីរបស់លោក អាសាដ ត្រូវបានដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៉ី RIA។

គួរបញ្ជាក់ថា រុស្ស៉ីបានរក្សាវត្តមានយោធាធំគួរសមនៅក្នុងប្រទេសស៉ីរី ហើយបានដើរតួនាទីជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ របស់លោក អាសាដ ដោយបានគាំទ្រ​រដ្ឋាភិបាលរបស់លោក ក្នុងសង្រ្គាមស៉ីវិលដែលអូសបន្លាយរាប់ឆ្នាំនៅស៉ីរី តាមរយៈការធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ដែលគ្រប់គ្រងដោយ​ពួកឧទ្ទាម។ ការជួយជ្រោមជ្រែងផ្នែកយោធារបស់ទីក្រុងមូស្គូ បានជួយលោក អាសាដ ផ្លាស់ប្តូរស្ថានការណ៍សង្រ្គាម ដែលបានចាប់ផ្តើមឡើងដំបូងកាលពី​ឆ្នាំ២០១១ ក្នុងទម្រង់ជាចលនាបដិវត្តន៍ពណ៌៕