(វែលីងតោន)៖ នាថ្ងៃព្រហស្បតិ៍នេះ គ្រូបង្រៀនប្រហែល៥០,០០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅក្នុងប្រទេសនូវែលសេឡង់ ក្រោយកិច្ចពិភាក្សារបស់សហជីព ជាមួយក្រសួងអប់រំដែលមានគោលដៅ ទាមទារឱ្យប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន ទទួលបានភាពប្រសើរឡើងនោះ ស្ថិតក្នុងសភាពជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

ការធ្វើកូដកម្មដើរចេញពីថ្នាក់រៀនរយៈពេលមួយថ្ងៃខាងលើនេះ បានបង្ខំឱ្យសាលាមត្តេយ្យ ក៏ដូចជាសាលារៀនកម្រិតបឋមសិក្សានិងវិទ្យាល័យត្រូវបិទទ្វារ នៅទូទាំងនូវែលសេឡង់។ ក្រុមសហជីពគ្រូបង្រៀនបានលើកឡើងថា សំណើចុងក្រោយបំផុតរបស់រដ្ឋាភិបាលស្តីពីប្រាក់ខែនិងលក្ខខណ្ឌការងារ គឺមិនសមស្របជាមួយស្ថានភាពនៃអតិផរណាបច្ចុប្បន្នឡើយ និងថាវិស័យអប់រំនាពេលនេះកំពុងស្ថិតនៅចំណុចវិបត្តិមួយ ដោយសារបញ្ហាខ្វះគ្រូបង្រៀន។

ខាងសហជីពបានសង្កត់ធ្ងន់ថា ការអប់រំប្រកបដោយគុណភាព គឺជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្ស ប៉ុន្តែគ្រូបង្រៀនកំពុងមើលឃើញ សិទ្ធិនេះកំពុងតែចុះ​អន់ថយ ដោយសន្សឹមៗយ៉ាងជាក់ច្បាស់។ ការធ្វើឱ្យប្រសើរឡើងនូវប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន មានសារសំខាន់ជាខ្លាំងដើម្បីលើកទឹកចិត្ត​ឱ្យអ្នកផ្តល់ការអប់រំ ដែលមានបទពិសោធន៍ នៅបន្តបំពេញការងាររបស់ពួកគេ ហើយដើម្បីទាក់ទាញឱ្យនិស្សិតដែលទើបបញ្ចប់ការងារសិក្សា ចូលបម្រើក្នុង​វិស័យនេះឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា សព្វថ្ងៃការកើនឡើងនៃតម្លៃសម្រាប់ជីវភាពរស់នៅ បានក្លាយជាបញ្ហានយោបាយធំមួយ នៅក្នុងប្រទេសនូវែលសេឡង់ ខណៈដែលរដ្ឋាភិបាល កំពុងជួបការលំបាកក្នុងការគ្រប់គ្រងអតិផរណា៕