(យូអិន)៖ ប្រភពពីក្រុមអ្នកការទូតបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ ចិនបានរារាំងសហរដ្ឋអាមេរិក មិនឱ្យផ្សាយលើប្រព័ន្ធអ៉ីនធើណិត នូវកិច្ចប្រជុំក្រៅផ្លូវការមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

កិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ត្រូវតែព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដើម្បីអនុញ្ញាត​ឱ្យវាអាចត្រូវផ្សាយនៅលើអ៉ីនធើណិតបាន។ ចិនបានជូនដំណឹងប្រាប់ភាគីដទៃទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខ តាមសារអ៉ីម៉ែលយ៉ាងដូច្នេះថា «កិច្ចពិភាក្សានេះ នឹងមិនអាចនាំមកនូវអត្ថប្រយោជន៍អ្វីឡើយ ហើយពួកយើងបានប្រឆាំងនឹងការបើកកិច្ចប្រជុំនេះ តាំងពីដំបូងម្ល៉េះ។ ហេតុដូច្នេះ យើងត្រូវតែជំទាស់ចំពោះ​ការផ្សាយកិច្ចប្រជុំនេះនៅលើ UN WebTV»

ក្រុមប្រឹក្សាសន្តិសុខ UN តែងតែបើកកិច្ចពិភាក្សាជាប្រចាំជុំវិញបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៤មក ទាំងតាមរយៈកិច្ចប្រជុំ​ផ្លូវការជាសាធារណៈ ក៏ដូចជាកិច្ចប្រជុំបិទទ្វារ។ យ៉ាងណាក្តី ទាំងចិននិងរុស្ស៉ីធ្លាប់បាននិយាយជាយូរមកហើយថា ក្រុមប្រឹក្សាសន្តិសុខ UN មិនគួរជជែកអំពី​បញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើងឡើយ។ ទីក្រុងព្យុងយ៉ាងផ្ទាល់ បានបដិសេធការចោទប្រកាន់បញ្ហារំលោភសិទ្ធិមនុស្ស ហើយបានបន្ទោសលើទណ្ឌកម្ម​ សម្រាប់ស្ថានការណ៍មនុស្សធម៌ដ៏យ៉ាប់យ៉ឺននៅក្នុងប្រទេសរបស់ខ្លួន។ កូរ៉េខាងជើងបានស្ថិតក្រោមទណ្ឌកម្មរបស់ UN ដោយសារកម្មវិធីមីស៉ីលបាលិស្ទីគ​និងអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខ UN គឺស្របពេលដែលភាពតានតឹងអន្តរជាតិ បានកើនឡើងជាមួយកូរ៉េខាងជើង ចាប់តាំង​ពីទីក្រុងព្យុងយ៉ាង បានបង្កើនការបាញ់សាកល្បងមីស៉ីល រួមមានទាំងមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ក៏ដូចជាការធ្វើសមយុទ្ធសព្វាវុធយ៉ាងចាស់ដៃ កាលពីក្នុងឆ្នាំ​២០២២។ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានជំទាស់មិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ UN ធ្វើសកម្មភាពបន្ថែមទៀតទៅលើទីក្រុងព្យុងយ៉ាងឡើយ ក្រោមហេតុផលថា ការដាក់សម្ពាធកាន់តែខ្លាំងលើកូរ៉េខាងជើង គឺគ្មានភាពស្ថាបនានោះទេ។ កាលពីខែឧសភា ឆ្នាំមុន ចិននិងរុស្ស៉ីបានវ៉េតូកិច្ចប្រឹងប្រែង​ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានគោលដៅដាក់ទណ្ឌកម្ម UN ថែមទៀតទៅលើកូរ៉េខាងជើង៕