(តូក្យូ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងភរិយា បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ នៅថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។​

បើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក យូន​ ស៊ុកយុល (Yoon Suk Yeol) និងភរិយា នឹងត្រូវបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនានេះ តបតាមការអញ្ជើញរបស់ទីក្រុងតូក្យូ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់នៅជប៉ុន ក្នុងរយៈពេល ១២ឆ្នាំ មកនេះផងដែរ និងបន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសពីផែនការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ជុំវិញការបង្ខំកម្លាំងពលកម្មក្នុងសម័យសង្គ្រាម។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លោក យូន នឹងត្រូវជួបពិភាក្សារការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតូក្យូ) ដើម្បីបើកទំព័រថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំង២ នៅចំពោះការរីកចម្រើនទៅមុខនៃកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនលោក យូន ស៊ុកយុល ធ្វើដំណើរទៅដល់ទីក្រុងតូក្យូ យោធាកូរ៉េខាងត្បូង បាន​ឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះដែរបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ រយៈចម្ងាយឆ្ងាយមួយគ្រាប់ ដែលទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ចូលក្នុងសមុទ្រខាងកើត។ ការបាញ់សាកល្បងមីស៊ីលខាងលើ គឺជាការបង្ហាញសាច់ដុំយោធាជាលើកទី៣ តាមរយៈការបាញ់តេស្ដមីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក៕