(មូស្គូ)៖ ប្រធានាធិបតីស៉ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បានទៅដល់ទីក្រុងមូស្គូនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅខាងក្រៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីមានការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៉ីរី តាមបណ្តាញ Telegram បានឲ្យដឹងថា លោក អាសាដ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំឡុងដំណើរទស្សនកិច្ចរបស់លោក រួមជាមួយនិងគណៈប្រតិភូរដ្ឋមន្ត្រីមួយក្រុមធំរបស់ស៉ីរី។ ចំណែក វិមានក្រឹមឡាំង បានឲ្យដឹងថា មេដឹកនាំទាំងពីរគ្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម និងមនុស្សធម៌ ក៏ដូចជាការរំពឹងទុកសម្រាប់ការដោះស្រាយជារួមនៃស្ថានភាពនៅក្នុង និងជុំវិញប្រទេសស៉ីរី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺស្របនឹងខួបគម្រប់១២ឆ្នាំនៃការបះបោរនៅស៉ីរី ដែលផ្តើមឡើងដោយបាតុកម្មសន្តិវិធី ក្នុងខែមីនា ឆ្នាំ២០១១។ ការតវ៉ាបានក្លាយទៅជាការបះបោរប្រដាប់អាវុធ បន្ទាប់ពីលោក អាសាដ ប្រើកម្លាំងយោធាដើម្បីកម្ទេចក្រុមប្រឆាំង។ ក្រោយមកវាបានធ្លាក់ចូលទៅក្នុងជម្លោះពហុភាគី ដែលអូសទាញប្រទេសជិតខាង និងមហាអំណាចពិភពលោកនានាឲ្យចូលអន្តរាគមន៍ ហើយបណ្តាលឲ្យមានវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

រុស្ស៊ី បានលូកដៃចូលទៅក្នុងប្រទេសស៉ីរី ដោយការចាប់ផ្តើមយុទ្ធនាការយោធាឆ្នាំ២០១៥ ជាមួយនិងការទម្លាក់គ្រាប់បែកទៅលើតំបន់កាន់កាប់ដោយក្រុមប្រឆាំង។ យុទ្ធនាការនេះបានជួយដល់ លោក អាសាដ ដណ្តើមយកទឹកដីជាច្រើនដែលបាត់បង់ទៅឲ្យក្រុមឧទ្ទាម ដែលព្យាយាមផ្តួលរំលំលោកមកវិញ៕