(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា អ្វីដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន គឺដើម្បីបព្វហេតុអត្ថិភាពរបស់រុស្ស៊ីក្នុងនាមជាប្រទេសមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា​ ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយទៅកាន់កម្មករនៅរោងចក្រអាកាសចរណ៍មួយ លោក ពូទីន បានលើកឡើងម្តងទៀតនូវអំណះអំណាងដែលថា លោកខាងលិចកំពុងព្យាយាមពុះចែកប្រទេសរុស្ស៉ីជាចំណែកៗ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់យើង នេះមិនមែនជាកិច្ចការភូមិសាស្ត្រនយោបាយទេ ប៉ុន្តែជាភារកិច្ចនៃការរស់រានមានជីវិតរបស់រដ្ឋរុស្ស៊ី ការបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍ប្រទេសនាពេលអនាគត និងកូនចៅរបស់យើង»

លោក ពូទីន ក៏បានចោទប្រកាន់លោកខាងលិចថា បានប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី និងធ្វើឱ្យប្រទេសនេះបរាជ័យជាយុទ្ធសាស្ត្រ។

ចំណែកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តវិញបាននិយាយថា ពួកគេកំពុងជួយអ៊ុយក្រែនការពារខ្លួនពីការឈ្លានពានតាមបែបអាណាចក្រ ដែលបានបំផ្លិចបំផ្លាញទីក្រុងអ៊ុយក្រែន សម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង។

ជាការឆ្លើយតបទៅនឹងសំណួរមួយ លោក ពូទីន បាននិយាយថា លោកមានការព្រួយបារម្ភអំពីសេដ្ឋកិច្ច នៅពេលដែលលោកខាងលិចបានដាក់រលកទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន ប៉ុន្តែភាពពិតជាក់ស្តែងរុស្ស៉ីគឺអាចស៊ូទ្រាំបាន ហើយនៅតែខ្លាំងជាងការរំពឹងទុក៕