(ប៉េកាំង)៖ មហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤បានបិទសម័យប្រជុំនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៣ ខែមីនា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតលើកនេះដោយគូសបញ្ជាក់ថា ក្នុងដំណើរថ្មីដែលកសាងប្រទេសដ៏ខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេ ត្រូវខិតខំប្រឹងប្រែងជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាជំរុញការបើកចំហចំពោះអន្តរជាតិប្រកបដោយ កម្រិតខ្ពស់យ៉ាងប្រាកដប្រជា ។

ប្រព័ន្ធសារព័ត៌មានបរទេសសម្គាល់ថា ផែនការអភិវឌ្ឍន៍នៅអនាគតរបស់ចិនមិនត្រឹមតែបានបង្ហាញពីទិសដៅវិវឌ្ឍទៅមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីកដល់ពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រទេសចិនបានរីកចម្រើន ពីដំណាក់កាលកំណើនដោយល្បឿនលឿនឈានចូលដំណាក់កាលអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ពីការលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវអំពី បច្ចេកវិទ្យាដោយម្ចាស់ការនិងជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃការផ្លាស់ប្តូររូបមន្តអភិវឌ្ឍខាងឧស្សាហកម្ម ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយបៃតងនិងកាបូនទាប ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនទទួលបាន ប្រសិទ្ធភាពយ៉ាងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២២ ផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ តម្លៃបន្ថែមខ្ពស់និងដឹកនាំការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងរបស់ចិនបានក្លាយជាចំណុចកំណើនថ្មីខាងការនាំចេញ ។

“ការអភិវឌ្ឍរបស់ចិនមានអំណោយផលដល់ពិភពលោក ហើយការអភិវឌ្ឍរបស់ចិនក៏មិនអាចឃ្លាតឆ្ងាយពីពិភពលោកផងដែរ ។ យើងត្រូវជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងប្រាកដប្រជា ដែលប្រើប្រាស់ឱ្យបានល្អនូវទីផ្សារនិងធនធានទូទាំង ពិភពលោកមកអភិវឌ្ឍខ្លួនឯងផង និងជំរុញការអភិវឌ្ឍរួមនៃពិភពលោកផង ពាក្យសម្តីរបស់លោកប្រធានរដ្ឋចិន Xi Jinping នេះបានបង្ហាញយ៉ាងស៊ីជម្រៅពីការធ្វើអន្តរកម្មវិជ្ជមានរវាងចិននិងពិភពលោក ក៏ដូចជាបញ្ចេញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការពង្រីកការបើកទូលាយឥតឈប់ឈរ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៃពិភពលោក អត្រារួមចំណែកជាមធ្យមរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ច ពិភពលោកក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះបានលើសពី៣០ភាគរយ ។ ពីការពង្រីកឥតឈប់ឈរនូវបណ្តាញតំបន់ពាណិជ្ជកម្មសេរី ដែលមានស្តង់ដារខ្ពស់និងសំដៅទៅរកទូទាំងពិភពលោក ដល់ការបង្កើតវេទិកាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិន ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ និងពិព័រណ៍វត្ថុប្រើប្រាស់ចិនអន្តរជាតិជាដើម រហូតដល់ការពង្រីករង្វង់មិត្តនៃ “ខ្សែក្រវាត់និងផ្លូវ” ចិនបានជំរុញឥតឈប់ឈរនូវការបើក ទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ដើម្បីស្វាគមន៍ប្រទេសនានាទទួលឱកាសអភិវឌ្ឍន៍តាមរយៈ “រថភ្លើងល្បឿនលឿននិងងាយស្រួល”នៃការអភិវឌ្ឍរបស់ចិន ។ នៅឆ្នាំ២០២២ ចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងជាង១សែន៨ម៉ឺន៩ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងជិត៥ម៉ឺនលានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលបីឆ្នាំមុន ។

ឆ្នាំនេះជាខួបទី៤៥នៃកំណែទម្រង់និងបើកទូលាយរបស់ចិន ។ របាយការណ៍ការងារនៃរដ្ឋាភិបាលចិនបានលើកឡើងថា នឹងជំរុញយ៉ាងសកម្មនូវការចូលរួមកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដារខ្ពស់ដូចជា《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព》(CPTPP)ជាដើម ដើម្បីពង្រីកការបើកទូលាយបែបនីតិវិធីយ៉ាងនឹងនរតាមរយៈក្បួនច្បាប់ គតិយុត្ត ការគ្រប់គ្រងនិងបទដ្ឋានត្រឹមត្រូវដោយម្ចាស់ការ ។ បច្ចុប្បន្ននេះ ពិភពលោកនៅតែមិនសូវមានសន្តិភាពនោះទេ ហើយការអភិវឌ្ឍសេដ្ឋកិច្ចសកលនៅតែប្រឈមមុខនឹងការលំបាកដដែល ។ ព័ត៌មានដែលមហាសន្និបាតនៃសភាទាំងពីររបស់ចិន ដែលទើបបិទបញ្ចប់បានបញ្ចេញនោះ បាននាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីកដល់ពិភពលោក ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរកសាងទំនើបកម្មតាមបែបផែនចិន ប្រទេសចិននឹងបន្តផ្តល់ផលប្រយោជន៍ដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបំពេញបន្ថែមនូវស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

វិទ្យុមិត្តភាពកម្ពុជាចិន