(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនទាំងឡាយ ដែលធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ តាមរយៈព្រំប្រទល់ម៉ិកស៉ិក អាចពន្យារពេលស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេបានថែមទៀត នៅក្រោមកម្មវិធីមនុស្សធម៌របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជនជាតិអ៊ុយក្រែនប្រមាណ ២៥,០០០នាក់ ដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ហើយមកស្វែងរកការជ្រកកោននៅសហរដ្ឋអាមេរិក តាមព្រំប្រទល់ភាគខាងត្បូងជាប់ប្រទេសម៉ិកស៉ិកកាលពីឆ្នាំមុន គឺឥឡូវនេះអាចស្នើសុំពន្យារ​ពេលស្នាក់នៅរបស់ពួកគេ លើសពីរយៈពេល១ឆ្នាំ ដែលត្រូវបានអនុញ្ញាតដំបូង។ ប្រជាជនអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំនៅព្រំប្រទល់​អាមេរិក-ម៉ិកស៉ិក បន្ទាប់ពីសង្រ្គាមផ្ទុះឡើងភ្លាមៗ ដោយសារតែពួកគេមិនមានជម្រើសផ្សេងច្រើនឡើយ ដើម្បីចូលមកកាន់សហរដ្ឋអាមេរិក។

កាលពីខែមេសា ឆ្នាំ២០២២ នៅក្រោមសម្ពាធឱ្យទទួលយកជនភៀសខ្លួនបន្ថែមទៀត លោក បៃដិន ក៏បានបង្កើតកម្មវិធីមនុស្សធម៌ផ្លូវការមួយ ដើម្បីអនុញ្ញាត​ឱ្យប្រជាជនអ៊ុយក្រែនធ្វើដំណើរចូលមក ក្រោមការឧបត្ថម្ភរបស់អាមេរិក តាមរយៈជើងហោះហើរ ជាជាងការឆ្លងចូលមកតាមព្រំដែនគោក។ ពលរដ្ឋអ៊ុយក្រែន ច្រើនជាង១១៨,០០០នាក់ បានចូលមកដល់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីនោះ ហើយទទួលបានការអនុញ្ញាតឱ្យស្នាក់នៅរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ គឺចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជនភៀសខ្លួនអ៊ុយក្រែនសរុបខ្ទង់៨លាននាក់ហើយ បាននាំគ្នារត់ចេញពីប្រទេស ខណៈរាប់លាននាក់ផ្សេងទៀត គឺត្រូវព្រាត់ប្រាសពី​ផ្ទះសម្បែងនៅក្នុងប្រទេសផ្ទាល់៕