(ប៉េកាំង)៖ ក្រសួងការបរទេសចិន នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសចិននឹងចាប់ផ្តើមឡើងវិញ នូវការផ្តល់ទិដ្ឋាការគ្រប់ប្រភេទ​ដល់ជនបរទេស នៅថ្ងៃទី១៥ ខែមីនា ស្របពេលដែលមហាយក្សអាស៉ីមួយនេះ បន្តបើកព្រំប្រទល់កាន់តែទូលំទូលាយថែមទៀត ក្រោយការអនុវត្តវិធានការ​ទប់ស្កាត់កូវីដ១៩ អស់រយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

ម៉្យាងវិញទៀត សម្រាប់តំបន់នៅក្នុងប្រទេសចិន ដែលមុនពេលកូវីដផ្ទុះឡើងមិនទាមទារឱ្យមានទិដ្ឋាការឡើយនោះ គឺនឹងវិលត្រឡប់ទៅរកគោលការណ៍យ៉ាងដូច្នោះវិញ ដូចជានៅកោះទេសចរណ៍ហៃណាន (Hainan) ភាគខាងត្បូងចិន ហើយនិងកប៉ាល់ទេសចរណ៍នានា ដែលធ្វើដំណើរឆ្លងកាត់កំពង់ផែនៃទីក្រុងសៀងហៃ ជាដើម។ ជាមួយគ្នានេះ ការធ្វើដំណើរចូលទីក្រុងក្វាងទុង (Guangdong) ដែលជាមជ្ឈមណ្ឌលរោងចក្រដ៏ធំមួយ សម្រាប់ជនបរទេសមកពីទីក្រុងហុងកុង និងម៉ាកាវ ក៏នឹងត្រូវបន្តឡើងវិញដូចគ្នាដែរ។ ចំណែក អ្នកដំណើរបរទេស ដែលកាន់ទិដ្ឋាការចុះកាលបរិច្ឆេទមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ហើយនៅមានសុពលភាព នឹងនៅតែអាចប្រើប្រាស់ ដើម្បីចូលមកកាន់ប្រទេសចិនបាន។

គួរបញ្ជាក់ថា ចិនបានបោះបង់ចោលគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២២ ហើយមួយខែក្រោយមក ក៏បានលុបចោល​គោលការណ៍តម្រូវឱ្យមានការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស។ កាលពីខែកុម្ភៈ អាជ្ញាធរចិនបានប្រកាសជ័យជម្នះលើរលកឆ្លង​រាលដាល ដែលកើតឡើង ក្រោយការបោះបង់ចោលគោលនយោបាយសូន្យ៕