(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ប្រទេសរបស់លោក មានសុវត្ថិភាពជាងសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់អាមេរិកចំពោះកំណត់ត្រាសន្តិសុខរបស់ម៉ិកស៉ិក ក្រោយពីមានករណីចាប់ពង្រត់ដែលបានឆក់យកជីវិត ជនជាតិអាមេរិកពីរនាក់ នៅក្បែរព្រំដែនក្នុងខែមីនានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

លោកប្រធានាធិបតី ឡូប៉េស អូប្រាដ័រ ដែលធ្លាប់បានជំរុញដល់ជនជាតិអាមេរិកដើមកំណើតម៉ិកស៉ិក មិនឲ្យបោះឆ្នោតឲ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ប្រសិនបើពួកគេបន្តការរិះគន់ នោះ បានច្រានចោលការព្រមានផ្នែកសន្តិសុខជាផ្លូវការរបស់សហរដ្ឋអាមេរិក ដែលពណ៌នាថាទីតាំងភាគច្រើនក្នុងប្រទេសម៉ិកស៉ិក ជាកន្លែងប្រថុយប្រថានក្នុងការទៅទស្សនា។ លោក ឡូប៉េស អូប្រាដ័រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាយុទ្ធនាការប្រឆាំងនឹងម៉ិកស៉ិក ដោយអ្នកនយោបាយអាមេរិកអភិរក្សនិយម។ ម៉ិកស៉ិកជាប្រទេសដែលមានសុវត្ថិភាពជាង សហរដ្ឋអាមេរិក។ មិនមានបញ្ហាអ្វីទេក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅជុំវិញម៉ិកស៉ិក»

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃទី៣ ខែមីនា លើជនជាតិអាមេរិកចំនួ ន ៤នាក់នៅក្នុងទីក្រុងម៉ាតាម៉ូរ៉ូស (Matamoros) របស់ម៉ិកស៉ិក និងករណីចាប់ពង្រត់ជាបន្តបន្ទាប់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយយ៉ាងព្រោងព្រាត នាំឲ្យមានការរើសអើងពីអ្នកនយោបាយនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសមន្រ្តីនៃគណបក្សសាធារណរដ្ឋ។ ជុំវិញការលើកឡើងរបស់ លោកប្រធានាធិបតីម៉ិកស៉ិកស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ិកស៉ីកូ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ៕