(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អនាគតរបស់អ៊ុយក្រែនពឹងផ្អែកលើលទ្ធផលនៃការប្រយុទ្ធជាមួយរុស្ស៊ី នៅក្នុងនិងជុំវិញទីក្រុងបាកមូត (Bakhmu) ខណៈភាគីទាំងពីរបង្កើនយុទ្ធនាការរដូវរងា ដើម្បីដណ្តើមយកទីក្រុងតូចមួយនេះ ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងស្វែងរកដីកាចាប់ខ្លួនឧក្រិដ្ឋជនសង្រ្គាម។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

មន្រ្តីម្នាក់បានប្រាប់ Reuters ឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងស្វែងរកការចាប់ខ្លួនមន្ត្រីរុស្ស៉ី សម្រាប់ការបណ្តេញកុមារចេញពីប្រទេសអ៊ុយក្រែន និងការកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយវានឹងក្លាយជាករណីឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិលើកដំបូង ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៉ី។ វានៅទាន់មិនច្បាស់ទេថាតើរដ្ឋអាជ្ញា អាចស្វែងរកដីកាប្រឆាំងមន្ត្រីរុស្ស៊ីរូបណា ឬពេលណាធ្វើការកោះហៅ ប៉ុន្តែការចង់ឃាត់ខ្លួន ឬកាតទោសមន្ត្រីរុស្ស៉ីគឺជារឿងដែលគេដឹងជាមុនទៅហើយថានឹងមិនអាចកើតឡើងទេ។ តែយ៉ាងនេះក្ដី ចំណាត់ការណាមួយរបស់ ICC អាចនឹងកាន់តែបង្កើនសម្ពាធខាងការទូតប្រឆាំងនឹងទីក្រុងមូស្គូ។

ការិយាល័យរដ្ឋអាជ្ញា ICC បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអត្ថាធិប្បាយនោះដែរ។ តាមរយៈវីដេអូកាលពី ល្ងាចថ្ងៃចន្ទសប្តាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពេលនេះការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅឯភាគខាងកើតប្រទេស។ យើងត្រូវតែបំផ្លាញអំណាចយោធារបស់សត្រូវ»។

គួរបញ្ជាក់ថា ទីក្រុងបាកមូត បានក្លាយជាចំណុចសំខាន់នៃការវាយលុករបស់រុស្ស៊ី ជាមួយនិងការប្រយុទ្ធគ្នាដោយថ្មើរជើងដ៏បង្ហូរឈាមជាច្រើនខែ ធ្វើឲ្យភាគីទាំងសងខាងរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយក្រុមទាហានស៉ីឈ្នួល Wagner បានដណ្តើមកាន់កាប់ភាគខាងកើតនៃទីក្រុងនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់អាចឡោមព័ទ្ធបាន ទាំងស្រុងនោះទេ។ កន្លងមក រុស្ស៊ីនិយាយថា ការគ្រប់គ្រងទីក្រុងបាកមូត នឹងបើកផ្លូវមួយដើម្បីឈានទៅចាប់យកតំបន់ដូណេតទាំងមូល៕