(កៀវ)៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែនបានដកសៀវភៅសរុបចំនួនខ្ទង់១៩លានក្បាល ចេញពីបណ្ណាល័យនៅទូទាំងប្រទេស គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពួកវាគឺជាសៀវភៅជាភាសារុស្ស៉ី ឬមួយក៏បន្សល់ទុកមកតាំងពីសម័យសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី យេវហេនីយ៉ា ក្រាវឈូក (Yevheniya Kravchuk) អនុប្រធានគណៈកម្មាធិការទទួលបន្ទុក គោលនយោបាយមនុស្សធម៌និងព័ត៌មាននៃសភា​អ៊ុយក្រែន បានអះអាងថា ក្នុងចំណោមសៀវភៅទាំង១៩លានក្បាលនោះ គឺ១១លានក្បាលជាសៀវភៅភាសារុស្ស៉ី។ បើតាមលោកស្រី ក្រាវឈូក សៀវភៅជា​​ភាសាអ៊ុយក្រែនមួយចំនួន ដែលសល់ពីសម័យសូវៀត ក៏ត្រូវបានដកចេញពីបណ្ណាល័យផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានការផ្តល់អនុសាសន៍ឱ្យដកសៀវភៅ ដែលអ្នកនិពន្ធណា បានបង្ហាញការគាំទ្រចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ថែមទៀតផង។ ដោយឡែក វាមិនច្បាស់ទេថា តើសៀវភៅដែលត្រូវបានដក​ចេញទាំងនោះ នឹងទៅជាយ៉ាងណា។

គួរបញ្ជាក់ថា ប្រហែលជា៤៤ភាគរយនៃសៀវភៅ នៅតាមបណ្ណាល័យរបស់អ៊ុយក្រែន គឺសុទ្ធតែជាភាសារុស្ស៉ី ខណៈប៉ុន្មានទៀតជាភាសាអ៊ុយក្រែន ឬមួយជាភាសារបស់ប្រទេសអឺរ៉ុបដទៃទៀត។ ការស្ទង់មតិមួយកាលពីឆ្នាំ២០១៩ ដោយវិទ្យាស្ថានអន្តរជាតិផ្នែកសង្គមវិទ្យានៃទីក្រុងកៀវ បានបង្ហាញឱ្យឃើញថា ប្រហែលជាពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែនទាំងអស់ គឺនិយាយភាសាអ៊ុយក្រែនសុទ្ធ ខណៈ៣០ភាគរយនិយាយរុស្ស៉ីសុទ្ធ។ ភាសាអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែជាប្រភេទភាសាស្លាវិគខាងកើត (East Slavic) ដូចគ្នា៕