(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានប្រកាសថា តៃវ៉ាន់នឹងប្រឹងប្រែងពន្លឿនដំណើរការអភិវឌ្ឍយន្តហោះដ្រូន សម្រាប់ប្រើក្នុងវិស័យយោធា ខណៈដែលខ្លួនកំពុងសិក្សាពីមេរៀននៃសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅចំពោះមុខការដាក់សម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក ស៊ុន លីហ្វាង (Sun Li-Fang) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដែនកោះនេះកំពុងបង្កើនល្បឿនការអភិវឌ្ឍ និងការផលិតយន្តហោះដ្រូន។ លោក ស៊ុន បានបកស្រាយដូច្នេះថា «ឆ្លើយតបចំពោះការគំរាមកំហែងពីគូបដិបក្ខបច្ចុប្បន្ន ព្រមទាំងសិក្សាអំពីបទពិសោធន៍ នៃដ្រូនដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដើម្បីបង្កើតសមត្ថភាពប្រយុទ្ធដ៏មានប្រសិទ្ធភាពមួយ សម្រាប់ដ្រូននៃដែនកោះរបស់យើង ក្រសួងការពារជាតិកំពុងតែពន្លឿនការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ ក៏ដូចជាផលិតកម្មនៃដ្រូនចម្រុះជាច្រើន​»។ បើតាមលោក ស៊ុន វិទ្យាស្ថានវិទ្យាសាស្រ្តនិង​បច្ចេកវិទ្យា ឈុងសាន ដែលគ្រប់គ្រងដោយយោធា កំពុងដឹកនាំកិច្ចប្រឹងប្រែងនេះ ហើយពេលខាងមុខ ក៏នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុនស៉ីវិលផងដែរ។

គួរបញ្ជាក់ថា យន្តហោះដ្រូនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាគីទាំងសងខាង ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ថែមទាំងធ្លាប់លើកឡើងថា រូបលោកចាត់ទុកដ្រូនគឺជាអនាគតនៃការធ្វើសង្រ្គាមក្នុងសម័យទំនើបទៀតផង។ ដោយឡែក តៃវ៉ាន់ដែលកំពុងប្រឈម ការដាក់សម្ពាធកាន់តែធ្ងន់ឡើងៗពីចិន បានអះអាងជាច្រើនលើកថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ​សង្រ្គាមនៅអ៊ុយក្រែន ហើយព្យាយាមសិក្សាអំពីមេរៀនសង្រ្គាមនោះ ក្រោមការរំពឹងថា ខ្លួននឹងអាចប្រើប្រាស់វា ដើម្បីទប់ទល់ការវាយប្រហាររបស់ចិន ដែលអាច​នឹងកើតមានឡើង នៅថ្ងៃខាងមុខ៕