Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអូស្រ្តាលីនិងនូវែលសេឡង់ និយាយលើកស្ទួយអំពីទំនាក់ទំនងជាមួយចិន ក្រោយជំនួបពិភាក្សាទ្វេភាគី (Video inside)

07-02-2023 13:16

(ស៉ីដនី)៖ អូស្រ្តាលីនិងនូវែលសេឡង់ បាននិយាយលើកស្ទួយអំពីទំនាក់ទំនងរបស់ខ្លួនជាមួយចិន ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នាថ្ងៃអង្គារនេះ ខណៈវាគឺជាសញ្ញាថ្មីចុងក្រោយដែលបង្ហាញពី ការព្យាយាមរឹតបន្តឹងចំណងទាក់ទងរបស់អូស្រ្តាលីនិងនូវែលសេឡង់ ជាមួយទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) និងសមភាគីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា អ្នកទាំងពីរបានជជែកគ្នាអំពីបញ្ហាប្រែប្រួលអាកាសធាតុ, សន្តិសុខ, អន្តោប្រវេសន៍ ហើយនិងសេដ្ឋកិច្ច ក្នុងជំនួបទ្វេភាគីនៅទីក្រុងកង់បេរ៉ា នៃប្រទេសអូស្រ្តាលី នាថ្ងៃអង្គារនេះ។ វាគឺជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំអូស្រ្តាលី-នូវែលសេឡង់ គិតចាប់តាំងពីលោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បានលាលែងពីតំណែង ជានាយករដ្ឋមន្រ្តីនូវែលសេឡង់ កាលពីខែមករា។

លោក អាល់បានីស បាននិយាយថា រូបលោកពេញចិត្តចំពោះលទ្ធផល នៃជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក ដូន ហ្វារែល (Don Farell) និងសមភាគីចិនរបស់លោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយកំលុងពេលនោះ មានការព្រមព្រៀងថា លោក ហ្វារែល នឹងបំពេញ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងពេលឆាប់ៗ។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្ថែមដូច្នេះថា «គោលជំហររបស់យើងស្តីពីចិនគឺច្បាស់ណាស់ថា ពួកយើងនឹងសហការគ្នាតាមអាចធ្វើទៅបាន ប៉ុន្តែក៏នឹងមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាខ្លះៗផងដែរ ហើយនឹងផ្តោតជាសំខាន់ទៅលើផលប្រយោជន៍ជាតិ របស់យើង»។ បើតាមលោក អាល់បានីស ការធ្វើពាណិជ្ជកម្មជាមួយចិន គឺមានទំហំធំជាងទំហំពាណិជ្ជកម្ម ជាមួយដៃគូធំៗនៅលំដាប់៣បន្ទាប់ រាប់បញ្ចូល​គ្នាទៅទៀត ហើយវាគឺជាប្រយោជន៍សម្រាប់អូស្រ្តាលី ក្នុងការរក្សានូវទំនាក់ទំនងសេដ្ឋកិច្ចល្អ ហើយធ្វើពាណិជ្ជកម្មជាមួយចិន។

ដោយឡែក លោក គ្រីស ហ៉ីបគីន វិញ បានចាត់ទុកចិនគឺជា «ដៃគូដ៏សំខាន់បំផុតមួយ» សម្រាប់នូវែលសេឡង់ ប៉ុន្តែលោកបានបន្ថែមថា ប្រការនេះមិនមែនមានន័យថា វានឹងពុំមានចំណុចដែលប្រទេសទាំងពីរ ត្រូវខ្វែងគំនិតគ្នាក្នុងពេលខ្លះនោះឡើយ។ ការបំពេញទស្សនកិច្ចនៅអូស្រ្តាលី គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ហ៉ីបគីន គិតចាប់តាំងពីលោកបានឡើងកាន់តំណែង ជាមេដឹកនាំនូវែលសេឡង់៕