(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃចន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការប្រើប្រាស់កម្លាំងដោយមិនរើសមុខ នៅពេលដែលយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយនិយាយថាវា «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ និងវឌ្ឍនភាពក្នុងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ​ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

បាឡុងមួយត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រនៃរដ្ឋ Carolinas បន្ទាប់ពីវាបានឆ្លងកាត់ទីតាំងយោធាដ៏រសើបបំផុតនៅទូទាំងអាមេរិកខាងជើង។ ចិន​អះអាងថា បាឡុងនេះគឺជាបាឡុងស៉ីវិល ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្តហោះហើរ ប៉ុន្តែវាស្រាប់តែបានរសាត់ខ្លាំងចេញឆ្ងាយពីគន្លងផ្លូវធ្វើដំណើរដើម។

អនុរដ្ឋមន្ត្រីការបរទេស Xie Feng បាននិយាយថា លោកបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ស្ថានទូតអាមេរិកកាលពីថ្ងៃអាទិត្យអំពី «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើបាឡុងស៊ីវិលរបស់ចិន ដោយកម្លាំងយោធា»

លោក Xie បានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានធ្វើថ្លង់ធ្វើគរ ដោយបានជំនះប្រើប្រាស់កម្លាំងដោយមិនរើសមុខប្រឆាំងនឹង នាវាអាកាសស៊ីវិល ដែលហៀបនឹងចាកចេញពីដែនអាកាសរបស់សហរដ្ឋអាមេរិកទៅហើយនោះ។ នេះច្បាស់ណាស់ថា ជាប្រតិកម្មហួសហេតុ និងបំពានយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា វត្តមានបាឡុងនៅលើសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងវ៉ាស៉ីនតោន លុបចោលគម្រោងទស្សនកិច្ច​រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក អាន់តូនី ប្លីនខិន (Antony Blinken) ទៅកាន់ប្រទេសចិន ដែលត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យចុងមុន។ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តជាខ្លាំងកាលពីថ្ងៃអាទិត្យ ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងមួយនោះ ដែលខ្លួនបានអះអាងថា ជាបាឡុងស៉ីវិលសម្រាប់ការងារសិក្សាស្រាវជ្រាវផ្នែកឧតុនិយម ដែលត្រូវខ្យល់បក់នាំយកទៅដល់លើ ដែនអាកាសអាមេរិក ដោយអចេតនា៕