(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គេ រីយ៉ាបកូវ (Sergey Ryabkov) បានជួបពិភាក្សាអំពីស្ថានភាពនៃសន្ធិសញ្ញានុយក្លេអ៊ែរ (New START) ជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំទីក្រុងមូស្គូ លោកស្រី លីន ត្រេស៉ី (Lynne Tracy)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក រីយ៉ាបកូវ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងមិនបានបញ្ចេញខ្លឹមសារណាមួយស្តីពីបិទការពិគ្រោះយោបល់គ្នានោះទេ។ អ្វីដែលខ្ញុំអាចបន្ថែមទៅសេចក្តីថ្លែងការណ៍ខ្លីៗរបស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី ត្រេស៉ី គឺចង់បង្ហាញថាយើងបានពិភាក្សាអំពីសន្ធិសញ្ញា New START នេះ ។ ប៉ុន្តែក្រោយមកសហរដ្ឋអាមេរិ បានសម្រេចចិត្តធ្វើការអះអាងលើ បញ្ហានេះជាសាធារណៈ។ គ្មានអ្វីដែលមិននឹកស្មានដល់ ឬមិនប្រក្រតីអំពីសញ្ញានោះសម្រាប់ពួកយើងទេ»

គួរបញ្ជាក់ថា ថ្មីៗនេះសហរដ្ឋអាមេរិក បានចោទរុស្ស៉ីថាមិនបានអនុវត្តតាមសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលនៅសល់ចុងក្រោយគេរវាង មហាអំណាចទាំង២នោះទេ ខណៈកំពុងពាក់មុខយក្សដាក់គ្នាជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកឯ រុស្ស៉ីនិយាយថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក អាចនឹងបញ្ចប់តែម្តងនៅក្រោយឆ្នាំ២០២៦ ដែលជាពេលត្រូវផុតកំណត់៕