(វ៉ាសូវី)៖ ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប៉ូឡូញ បាននិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាកស៊ីន ព្ស៉ីដែគ (Marcin Przydacz) ជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប៉ូឡូញ ធ្វើការកត់សម្គាល់ខាងលើប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ទីប្រឹក្សារូបនេះបានបញ្ជាក់ដូច្នេះថា «យើងបានដឹងច្បាស់ហើយថាលោកប្រធានាធិបតី ចូ បៃដិន នឹងឆ្លើយតបជាវិជ្ជមាន ចំពោះការអញ្ជើញរបស់លោកប្រធានាធិបតី (ប៉ូឡូញ) ឌូដា ហើយលោក (បៃដិន) នឹងធ្វើដំណើរមកកាន់ប៉ូឡូញ»។​ លោក ម៉ាកស៊ីន ព្ស៉ីដែគ បន្ថែមទៀតថាកាលបរិច្ឆេទនៃ ការបំពេញទស្សនកិច្ចរបស់លោក បៃដិន នឹងត្រូវបានបង្ហើបក្នុងពេលឆាប់ៗ តែមិនបានបញ្ជាក់បន្ថែមលម្អិតទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានលើកឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅដែរថាលោកអាចនឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ ដោយមិនបាន បញ្ជាក់ថាធ្វើឡើងនៅពេលណាឡើយ៕