(បែរឡាំង)៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសអាល្លឺម៉ង់ លោក ផេតធឺ ហ្រ្វេង (Peter Frank) បានទទួលស្គាល់ថា ទីក្រុងបែរឡាំងមិនមានភស្តុតាងណាមួយពាក់ព័ន្ធនឹងរុស្ស៉ីឡើយ ជុំការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅបាតសមុទ្របាល់ទិក កាលពីឆ្នាំ ២០២២នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅពេលនិយាយ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី​ ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​កាសែត Die Welt នៅថ្ងៃ​សៅរ៍នេះ លោក ហ្រ្វេង បានគូសបញ្ជាក់ថា «បច្ចុប្បន្ន​វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ទេ។ ការស៊ើបអង្កេតកំពុងបន្ត»។

លោក ហ្រ្វេង បានបន្ថែមថា «ការ​សង្ស័យ​ដែលថា​មាន​អំពើ​បំផ្លិចបំផ្លាញ​ដោយបរទេសក្នុង​ករណី​នេះ រហូត​មក​ទល់​ពេល​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឡើយ»

គួរបញ្ជាក់ថា ការលេចធ្លាយចំនួន៤ នៅក្នុងបំពង់បង្ហូរប្រេងពីរដែលដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប កាត់តាមប្រទេសអាល្លឺម៉ង់ត្រូវបានគេរកឃើញនៅជិតកោះ បឺនហូម (Bornholm) របស់ប្រទេសដាណឺម៉ាក នៅក្នុងដែនទឹកដាណឺម៉ាក និងស៊ុយអែត កាលពីចុងខែកញ្ញា ឆ្នាំ២០២២។ ប្រទេសទាំងពីរបាននឹងកំពុងធ្វើការស៊ើបអង្កេតរៀងៗខ្លួនលើការបំផ្ទុះនេះ ហើយអាល្លឺម៉ង់បានចូលរួមជាមួយពួកគេ៕