(ប្រាស៉ីលីយ៉ា)៖ កងទ័ពជើងទឹកប្រេស៉ីលបានប្រកាសឱ្យដឹងថា ខ្លួនបានពន្លិចនាវាផ្ទុកយន្តហោះចម្បាំងឈ្មោះ សៅ ប៉ូឡូ (Sao Paulo) ដែលលែងប្រើប្រាស់តទៅ ចោលនៅឯមហាសមុទ្រអាត្លង់ទិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

កងទ័ពជើងទឹកប្រេស៉ីលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការពន្លិចនាវាយោធាខាងលើបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រ នៅចម្ងាយ​ប្រហែល៣៥០គីឡូម៉ែត្រ លើផ្ទៃមហាសមុទ្រអាត្លង់ទិច ហើយនាវានោះបានលិចទៅក្រោមបាតសមុទ្រជម្រៅ ៥,០០០ម៉ែត្រ។ ការសម្រេចចិត្ត​ពន្លិចនាវាផ្ទុកយន្តហោះចម្បាំង ដែលមានចំណាស់៦ទសវត្សរ៍មកហើយនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រេស៉ីលមិនអាចស្វែងរកកំពង់ផែណា ដែលស្ម័គ្រទទួលយកវាឱ្យចូលចត។

ខណៈក្រុមមន្រ្តីការពារជាតិប្រេស៉ីល បានអះអាងថា ពួកគេនឹងពន្លិចនាវាខាងលើ នៅទីតាំងដែលមានសុវត្ថិភាពបំផុតក៏ដោយក្តី ក្រុមសកម្មជនគាំពារ​បរិស្ថាន បានរិះគន់ការសម្រេចចិត្តធ្វើបែបនេះ ក្រោមហេតុផលថា នាវា Sao Paulo មានផ្ទុកសារធាតុមួយចំនួន ដែលអាចរលាយចូលទឹក ហើយបង្កការបំពុលចំពោះខ្សែអាហារក្នុងផ្ទៃសមុទ្របាន។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង Sao Paulo ដំបូងឡើយគឺជានាវារបស់បារាំង ដែលត្រូវបានសាងសង់ឡើងកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយកងទ័ពជើងទឹកបារាំង បានប្រើប្រាស់នាវានេះ ក្រោមឈ្មោះហៅថា ហ្វូច (Foch) អស់រយៈពេល៣៧ឆ្នាំ មុនពេលត្រូវប្រេស៉ីលទិញយកមក កាលពីឆ្នាំ២០០០ ក្នុងតម្លៃ១២លានដុល្លារ ហើយប្តូរឈ្មោះជា Sao Paulo។ កងទ័ពជើងទឹកប្រេស៉ីលបានប្រកាស​ឈប់ប្រើប្រាស់វាតទៅទៀត កាលពីឆ្នាំ២០១៧។ កាលពីឆ្នាំទៅមិញ ប្រេស៉ីលបានអនុញ្ញាតឱ្យក្រុមហ៊ុនតួកគីមួយ យកនាវាផ្ទុកយន្តហោះចម្បាំងនេះ ទៅរុះរើចោលដើម្បីយកគ្រឿងដែកវាទៅកែច្នៃ ប៉ុន្តែផែនការនោះត្រូវបានរារាំងដោយក្រុមសកម្មជនបរិស្ថានតួកគី៕