(ហ្សាការតា)៖ ក្នុងថ្ងៃសៅរ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌូណេស៉ី ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានរួមគ្នាបន្តទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់ផ្តើមអនុវត្តនូវផែនការសន្តិភាព៥ចំណុច ដែលត្រូវបានព្រមព្រៀងគ្នាកាលពី២ឆ្នាំមុន ដើម្បីបង្កើតច្រកផ្លូវឆ្ពោះទៅបញ្ចប់វិបត្តិនយោបាយដ៏តានតឹង នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្រាប់ឆ្នាំ២០២៣ ឥណ្ឌូណេស៉ីកាន់តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងមេដឹកនាំអាស៊ាន នៅក្នុងឆ្នាំនេះ។ មីយ៉ាន់ម៉ាបានក្លាយជា បញ្ហាចម្បងបំផុតមួយសម្រាប់អាស៊ាន ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើម​អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១មក ហើយរុញច្រានឱ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ។

រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងហ្សាការតាបានស្នើឡើងនូវផែនការអនុវត្តមួយ ទៅកាន់បណ្តាសមាជិកអាស៊ាន សម្រាប់ «ចំណុចឯកច្ឆន្ទទាំង៥» ដែលត្រូវបានព្រមព្រៀងជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំ២០២១ ដែលអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ហើយបង្កើតកិច្ចសន្ទនារវាងរបបយោធានិងក្រុមប្រឆាំងរដ្ឋប្រហារ។

លោកស្រី ម៉ាស៊ូឌី បានបន្តថា ផែនការខាងលើទទួលបាន ការគាំទ្រទូលំទូលាយពីរដ្ឋជាសមាជិកទាំងអស់ ប៉ុន្តែលោកស្រីមិនបានប្រាប់លម្អិត ថាតើពួកគេសង្ឃឹមថា កិច្ចព្រមព្រៀងនឹងត្រូវអនុវត្តនៅពេលណា ឬដោយរបៀបណានោះឡើយ។ យ៉ាងណាក្តី ប្រមុខការទូតឥណ្ឌូណេស៉ីរូបនេះ បានបន្ថែមថា ផែនការខាងលើ មានសារសំខាន់ជាខ្លាំងសម្រាប់អាស៊ាន ជាពិសេសសម្រាប់ប្រធាន ដើម្បីដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ក្នុងលក្ខណៈរួបរួមគ្នា។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួម កិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ានឡើយ ដោយសារតែមិនព្រម អនុវត្តផែនការសន្តិភាព៥ចំណុច។ រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិនមានវត្តមានកំឡុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅទីក្រុងហ្សាការតាឡើយ ដ្បិតអាស៊ានមិនអញ្ជើញសមាជិកនៃរបបយោធា គឺស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនត្រឹមអ្នកតំណាងមិនមែននយោបាយ ប៉ុន្តែទីក្រុងណៃពិដោបាន​បដិសេធ៕