(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាជាលើកទី២ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅថ្ងៃសុក្រនេះ ដោយប្រើយន្តហោះចម្បាំងសេរីចុងក្រោយបំផុតរបស់ពួកគេ ទោះបីជាប្រទេសកូរ៉េខាងជើងបានព្រមានថា សមយុទ្ធនេះបានបង្កើនភាពតានតឹងនៅលើឧបទ្វីបក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃសុក្រនេះប្រទេសទាំងពីរបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា នៅក្នុងដែនទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ដោយមានការចូលរួមពីយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូង និងយន្តហោះ F-22 និង F-35B របស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធាកូរ៉េខាងត្បូងបានលើកឡើងថា កងកម្លាំងទ័ពអាកាសនៃប្រទេសទាំងពីរ «នឹងបន្តពង្រឹងសមយុទ្ធរួមគ្នា ដើម្បីមានសមត្ថភាពឆ្លើយតបដ៏រឹងមាំ និងការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សមយុទ្ធពីមុន ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានឈានដល់ «បន្ទាត់ក្រហម» ដោយបានគម្រាមបង្វែរឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមដ៏គ្រោះថ្នាក់»

សេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងការសន្ទនាទេ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តគោលនយោបាយអរិភាព៕