(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងហ្វីលីពីនបានព្រមព្រៀងគ្នា ក្នុងការបន្តការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសជាសម្ព័ន្ធមិត្តនឹងគ្នាដ៏យូរអង្វែងមួយនេះ ព្យាយាមទប់ទល់នឹងការកើនឡើង នៃកម្លាំងយោធារបស់ចិន។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣​​ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងម៉ានីល លោក និងសមភាគីហ្វីលីពីន លោក Carlito Galvez «បានយល់ព្រមបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខ»

មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងដើម្បីដឹកនាំការល្បាតរួមគ្នានេះ បានកើតឡើងនៅ «នាទីចុងក្រោយ» នៃកិច្ចចរចាការពារជាតិកាលពីថ្ងៃព្រហស្បតិ៍រវាង លោក Austin និងលោក Galvez ។

ទន្ទឹមគ្នានោះ ក្រុមមន្ត្រីក៏បានប្រកាសផងដែរនូវកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ឱ្យកងកម្លាំងអាមេរិក ចូលទៅកាន់មូលដ្ឋានចំនួនបួនបន្ថែមទៀតនៅក្នុង «តំបន់យុទ្ធសាស្ត្រ» នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងការបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង​នេះ ​កើត​ឡើង​ចំពេលដែលប្រទេសទាំងពីរកំពុងព្យាយាម​ស្វែងរក​ការ​ជួសជុល​ទំនាក់ទំនង ​ដែល​បាន​ខូចខាត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ដែល​បាន​ផ្តល់អាទិភាពដល់​ប្រទេស​ចិន​ លើ​អតីត​ម្ចាស់​អាណានិគម​របស់​ប្រទេសខ្លួន៕