(វ៉ាស៉ីនតោន)៖ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អតីតប្រធានាធបតី លោក ដូណាល់ ត្រាំ បានិយាយថា សហរដ្ឋអាមេរិកគួរតែជំរុញការចរចាដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធី និងបន្ថយការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាសហរដ្ឋអាមេរិកគួរតែ​បង្កលក្ខណៈ ឲ្យមានការចរចាសន្តិភាពរវាងប្រទេសទាំងពីរនេះ ហើយកុំគិតតែពីបញ្ជូនជំនួយយោធាដ៏ច្រើននោះ»។ នៅពេលសួរថាតើលោកចង់កាត់ផ្តាច់ ជំនួយដល់អ៊ុយក្រែននៅពេលនេះឬអត់? លោក ត្រាំ បានឆ្លើយតបថា «ខ្ញុំចង់ ដើម្បីឲ្យអ៊ុយក្រែន និងរុស្ស៊ីប្រយុទ្ធជាលើកចុងក្រោយ។ ជាក់ស្តែង ជម្លោះគឺជារឿងអាក្រក់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាប៉ះពាល់ដល់តំបន់អឺរ៉ុបច្រើនជាង ប៉ះពាល់ដល់ប្រទេសរបស់យើង»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងចំពេលមានការលើកឡើងអំពី លទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យទីក្រុងកៀវ។ ថ្មីៗនេះ លោក ត្រាំ ក៏បានរិះគន់ចំណាត់ការរបស់ លោក ចូ បៃដិន ជុំវិញសង្រ្គាមអ៊ុយក្រែនមុននេះ ដោយនិយាយថា វាអាចនាំទៅដល់សង្គ្រាមលោកលើកទីបី៕