(អង់ការ៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តួកគីបានកោះហៅឯកអគ្គរដ្ឋទូត នៃក្រុមប្រទេសលោកខាងលិចសរុបចំនួន៩ ក្នុងនោះ​រួមមានទាំង សហរដ្ឋអាមេរិកនិងស៊ុយអែតផងដែរ ដើម្បីបង្ហាញការរិះគន់លើការសម្រេចចិត្តរបស់ពួកគេ ដែលបានបិទទ្វារ​ជាបណ្តោះអាសន្ននូវបេសកកម្មការទូត ហើយចេញសារប្រកាសអាសន្នពាក់ព័ន្ធបញ្ហាសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពីក្រសួងការបរទេសនៅទីក្រុងអង់ការ៉ា បានឱ្យដឹងថា ក្រៅពីអាមេរិកនិងស៊ុយអែត ក្រុមបេសកជនមកពីប្រទេសដទៃទៀត រួមមាន បែលហ្ស៉ិក បារាំង អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ ស្វីស និងចក្រភពអង់គ្លេស ក៏ត្រូវបានកោះហៅផងដែរ។ កាលពីសប្តាហ៍មុន បារាំង អាល្លឺម៉ង់ អ៉ីតាលី និងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេស ដែលបានចេញសេចក្តីព្រមានដល់ពលរដ្ឋពួកគេរៀងៗខ្លួន អំពីការកើនឡើងហានិភ័យ នៃការវាយប្រហារនៅក្នុងប្រទេសតួកគី ជាពិសេសនៅតាមបេសកកម្មការទូត និងកន្លែងគោរពប្រតិបត្តិ​សាសនាមិនមែនអ៉ីស្លាម។

មិនតែប៉ុណ្ណោះ អាល្លឺម៉ង់ បារាំង និងហូឡង់ ស្ថិតក្នុងចំណោមក្រុមប្រទេស ដែលបានបិទទ្វារបេសកកម្មការទូតជាបណ្តោះអាសន្ន នៅតួកគី ក្រោមហេតុផលបញ្ហាសន្តិសុខក្នុងសប្តាហ៍នេះ។ ប្រភពពីក្រសួងការបរទេសតួកគី បានលើកឡើងថា សន្តិសុខរបស់​បេសកកម្មការទូតទាំងអស់ គឺត្រូវបានធានាការពារ ដោយស្របតាមសន្ធិសញ្ញាអន្តរជាតិនានា ហើយក្រុមសម្ព័ន្ធមិត្តគួរតែសហការ​ជាមួយអាជ្ញាធរតួកគី។

គួរបញ្ជាក់ថា រយៈពេល២សប្តាហ៍កន្លងមកនេះ ក្រុមសកម្មជនស្តាំនិយមជ្រុល បាននាំគ្នាធ្វើបាតុកម្មដុតសេចក្តីចម្លងនៃគម្ពីរគួរអាន​របស់សាសនាអ៉ីស្លាម នៅឯប្រទេសស៊ុយអែត ដាណឺម៉ាក និងហូឡង់ ខណៈវាជាសកម្មភាពដែលជំរុញឱ្យតួកគីសម្រេចចិត្តផ្អាក​ដំណើរការចរចា ដែលសំដៅលុបចោលការជំទាស់ផ្សេងៗរបស់ទីក្រុងអង់ការ៉ា ចំពោះការអនុញ្ញាតឱ្យស៊ុយអែតនិងហ្វាំងឡង់ចូល​ជាសមាជិកអង្គការណាតូ (NATO)។ ក្រុមប្រទេសអឺរ៉ុប បានថ្កោលទោសឧប្បត្តិហេតុទាំងនោះ ប៉ុន្តែខ្លះបាននិយាយថា ពួកគេពុំអាច​ហាមឃាត់មិនឱ្យវាកើតឡើងបានឡើយ ដោយសារតែសិទ្ធិសេរីភាពនៃការបញ្ចេញមតិ៕