(ម៉ាឌ្រីដ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អេស៉្បាញ បានរាយការណ៍នៅថ្ងៃពុធនេះថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដគ្រោងនឹងផ្តល់ រថក្រោះផលិតដោយអាល្លឺម៉ង់គឺ Leopard 2A4 ចន្លោះ៤-៦គ្រឿង ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

សារព័ត៌មានអេស៉្បាញ អែល ប៉ាអ៉ីស (El Pais) ដោយផ្អែកលើប្រភពពីរដ្ឋាភិបាលដែលខ្លួនទទួលបាន បានគូសបញ្ជាក់ថា ចំនួនជាក់លាក់ចុងក្រោយ នឹងអាស្រ័យលើស្ថានភាពនៃរថក្រោះប្រយុទ្ធទាំងនេះ នៅក្នុងស្តុករបស់យោធាអេស៉្បាញផ្ទាល់ ហើយនិងចំនួនរថក្រោះជាក់ស្តែងដែលប្រទេសដទៃៗ នឹងបញ្ជូនទៅកាន់អ៊ុយក្រែន។ ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិ​អេស៉្បាញមិនទាន់ឆ្លើយតបនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះ។

គួរបញ្ជាក់ថា ទីក្រុងកៀវធានាបានការសន្យារថក្រោះប្រយុទ្ធធុនធ្ងន់ ពីសំណាក់ក្រុមប្រទេសលោកខាងលិច នៅក្នុងខែមករានេះ។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា បាននិយាយថា រដ្ឋាភិបាលរបស់លោករំពឹងទទួលបាន រថក្រោះលោកខាងលិចចន្លោះ ១២០-១៤០គ្រឿង ពីប្រទេសសរុបចំនួន១២ ក្នុងជុំដំបូង ដែលរថក្រោះទាំងនោះរួមមានរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់, រថក្រោះ Challenger 2 របស់អង់គ្លេស និងរថក្រោះ M1 Abrams របស់សហរដ្ឋអាមេរិក៕