(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកកំពុងតែ​ពិចារណា លើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយក៏ស្ម័គ្រចិត្តផងដែរ​ ដើម្បីដើរតួនាទីជាអ្នកសម្រុះសម្រួល ក្នុង​សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN លោក ណេតាន់យ៉ាហ៊ូ ត្រូវបានសួរសំណួរថាតើ អ៉ីស្រាអែលអាចនឹងផ្តល់​ជួយដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស អាយរ៉ុន ដូម (Iron Dome) ដែរឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក៏បាន​ឆ្លើយតបវិញដូច្នេះថា «ខ្ញុំកំពុងពិចារណាលើរឿងនេះ»។ នាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញឆន្ទៈដើរតួនាទីជាអ្នក​សម្រុះសម្រួលផងដែរ ប្រសិនបើត្រូវបានស្នើឱ្យធ្វើយ៉ាងដូច្នោះ ដោយភាគីជម្លោះនិងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើង បន្ទាប់ពីមានការអំពាវនាវឱ្យអ៉ីស្រាអែលបង្កើនការគាំទ្រដល់​​អ៊ុយក្រែន ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ដែលមកបំពេញទស្សនកិច្ច។ អ៉ីស្រាអែលបានរក្សានូវ​ទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាអ្នកគ្រប់គ្រងដែនអាកាសនៅប្រទេសជិតខាងរបស់ខ្លួនគឺស៉ីរី និងធ្វើជាមើលមិនឃើញ ចំពោះការ​វាយប្រហាររបស់អ៉ីស្រាអែល ទៅលើគោលដៅអ៉ីរ៉ង់ ដែលជាគូសត្រូវធំរបស់ខ្លួនក្នុងតំបន់៕