(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ចន ខឺប៊ី (John Kirby) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នឹងពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាមួយក្រុមមន្ត្រីចិន អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ខឺប៊ី បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាលើបញ្ហាមួយចំនួនដូចជា យោធារបស់ប្រទេសទាំងពីរ និងកិច្ចពិភាក្សាស្តីពីការប្រែប្រួលអាកាសធាតុដែលបានផ្អាក ក្រោយដំណើរទស្សនកិច្ច របស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២។ កិច្ចពិភាក្សាលើបញ្ហាទាំងនេះនឹងផ្តោកលើការស្ដារឡើងវិញ។ លោក ខឺប៊ី បានគូសបញ្ជាក់ថា «ខ្ញុំដឹងថាលោក ប្ល៊ីនខិន កំពុងទន្ទឹងរង់ចាំដោះស្រាយបញ្ហាទាំងអស់នោះ ហើយជាការពិតណាស់សង្គ្រាមនៅអ៊ុយក្រែន នឹងស្ថិតក្នុងចំណោមបញ្ហាទាំងនោះ ដែលយើងអាចរំពឹងថាលោក ប្លីនខិន នឹងលើកឡើងកំលុងពេលទៅដល់ប្រទេសចិន»។

គួរបញ្ជាក់ថា ផែនការនៃដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក នៅប្រទេសចិន ត្រូវបានប្រកាសកំលុងជំនួបរវាងប្រធានាធិបតី លោក ចូ បៃដិន និងលោក ស៉ី ជិនពីង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈមេដឹកនាំទាំងពីរស្វែងរកការធ្វើឲ្យប្រសើរឡើងវិញនៃទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន៕