(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ពីឡុតម្នាក់បានបាត់បង់ជីវិតនៅពេលដែលយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាស បានធ្លាក់កំលុងពេលហ្វឹកហាត់ នៅថ្ងៃអង្គារសប្តាហ៍នេះ នៅឯភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News Agency ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់នៅក្នុងខេត្តយិនបៃ (Yen Bai) ហើយពីឡុតអាយុ ៣០ឆ្នាំបានស្លាប់ ខណៈព្យាយាម បញ្ជាយន្តហោះ Su-22 ដែលផលិតដោយរុស្ស៊ីចុះចត នៅឯអាកាសយានដ្ឋានក្នុងស្រុកមួយ។ មូលហេតុនៃការធ្លាក់យន្ដហោះចម្បាំងនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈក្រសួងការពារជាតិវៀតណាម កំពុងស៊ើបអង្កេតលើគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ពីឡុតយោធាវៀតណាម ២នាក់ បានស្លាប់នៅក្នុងសមយុទ្ធស្រដៀងគ្នានេះដែរ ពាក់ព័ន្ធនឹងយន្តហោះ Su-22 នៅភាគកណ្តាលប្រទេសវៀតណាម ហើយករណី ដោយឡែកមួយទៀត កាលពីឆ្នាំ២០១៥ ពីឡុត ២នាក់ត្រូវបង្ខំចិត្តលោតឆត្រយោងនៅឯសមុទ្រចិនខាងត្បូង នៅពេលដែលយន្តហោះ Su-22 របស់ពួកគេធ្លាក់៕