(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មថ្មីបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា នាឱកាសខួបគម្រប់២ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចដែលបង្កទៅជាចលាចល និងអំពើហិង្សាយ៉ាងបង្ហូរឈាមមកទល់នឹងសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើព័ត៌មានលម្អិតនៃការសម្រេចចិត្តខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា (Union Election Commission) ក្រុមហ៊ុនរ៉ែ និងក្រុមមន្ត្រីមកពីវិស័យថាមពល ព្រមទាំងមន្ត្រីជាច្រើននាក់ទៀត។ សេចក្ដីថ្លែងការណ៍ នេះដដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក៏បានបញ្ជាក់ដែរថានេះគឺជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយមានគោលដៅលើក្រុមមន្ត្រីមកពី ក្រុមហ៊ុន Myanma Oil and Gas Enterprise នៅក្រោមកម្មវិធីដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ក្រៅតែពីសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងរបបយោធាមីយ៉ាន់ម៉ាផងដែរ។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើ ហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕