(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក លោក Anthony Blinken បានមកដល់ទីក្រុង Tel Aviv នៅថ្ងៃចន្ទនេះ ចំពេលមានផ្ទុះហិង្សាយ៉ាងបង្ហូរឈាមនៅតំបន់ West Bank ខណៈអំពាវនាវឱ្យគ្រប់ភាគីបន្ធូរបន្ថយស្ថានការណ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០​ ខែមករា ឆ្នាំ២០២៣។

ប្រមុខការទូតសហរដ្ឋអាមេរិកបានមកដល់ប្រទេសអ៊ីស្រាអែល ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់គាត់ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi និងរដ្ឋមន្ត្រីការបរទេសនៅទីក្រុងគែរ។

ការ​ធ្វើ​ដំណើរ​ទស្សនកិច្ចនេះ ទោះ​បី​ជា​មាន​ការ​គ្រោង​ទុក​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​បាន​កើត​ឡើង​បន្ទាប់​ពី​ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​បង្ហូរឈាមនៅតំបន់ West Bank។

ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ នៅក្នុងការវាយឆ្មក់ដ៏សាហាវមួយ ទៅលើជំរំជនភៀសខ្លួននៅតំបន់ West Bank។ មួយថ្ងៃក្រោយមកក៏មានការវាយប្រហារសងសឹងវិញ ដោយសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ០៧នាក់នៅខាងក្រៅសាលាប្រជុំមួយ នៅទីក្រុងហ្សេរុយសាឡឹមខាងកើត។

លោក Blinken បានប្រាប់ទូរទស្សន៍អារ៉ាប៊ីសាអូឌីតមុននេះថា «យើងបានឃើញការវាយប្រហារភេរវកម្មដ៏គួរឱ្យរន្ធត់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលយើងថ្កោលទោស និងមានការសោកស្តាយជាខ្លាំង»

គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានឆក់យកជីវិតមនុស្សពេញវ័យ និងកុមារប៉ាឡេស្ទីនចំនួន ៣៥នាក់ ចាប់តាំងពីដើមឆ្នាំនេះ ក្នុងនោះរួមមានទាំងអ្នកវាយប្រហារ ក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិល។

ជាប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិកបានដើរតួនាទីមេលើផ្នែកការទូតមជ្ឈិមបូព៌ា ហើយអេហ្ស៊ីបដែលមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែល បានដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលជាយូរមកហើយ៕