(ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ បានធ្វើបាតុកម្មនៅមុខស្ថានទូតស៊ុយអែត ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ ដើម្បីបរិហារការប្រមាថព្រះគម្ពីរអ៊ីស្លាមនាពេលថ្មីៗនេះ ដោយសកម្មជនស្តាំនិយមនៅក្នុងប្រទេសស៊ុយអែត និងហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា​ ឆ្នាំ២០២៣។

គ្រវីទង់ពណ៌សជាមួយនឹងសេចក្តីណែនាំរបស់សាសនាអ៊ីស្លាម អ្នកតវ៉ាជាង៣០០នាក់ បានដើរក្បួនពេញផ្លូវធំមួយក្នុងទីក្រុងហ្សាការតា ហើយបានជាន់ឈ្លី និងដុតរូបសកម្មជនដាណឺម៉ាក លោក Rasmus Paludan អមជាមួយទង់ជាតិនៃប្រទេសស៊ុយអែត ដាណឺម៉ាក និងហូឡង់។

អាជ្ញាធរ​បាន​បិទ​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ស្ថានទូត ដោយ​មាន​ប៉ូលិស និង​ទាហាន​ជាង ២០០នាក់​ដាក់​ពង្រាយ​នៅ​ក្នុង និង​ជុំវិញ​អគារ​ដែល​មាន​របង​លួស​បន្លា។

ការតវ៉ានេះបានកើតឡើងបន្ទាប់ពី សកម្មជនស្តាំនិយមជ្រុលរបស់ស៊ុយអែត បានដុតគម្ពីរគួរអាននៅក្រៅស្ថានទូតតួកគី នៅក្នុងបាតុកម្មតវ៉ាមួយកាលពីថ្ងៃទី២១ ខែមករា។ ប៉ុន្មានថ្ងៃក្រោយមកទៀត លោក Edwin Wagensfeld ដែលជាមេដឹកនាំស្តាំនិយមជ្រុលរបស់ប្រទេសហូឡង់ ក៏បានហែកទំព័រគម្ពីរគួរអាននៅជិតសភាហូឡង់ ហើយជាន់ឈ្លីវាផងដែរ។

ទង្វើទាំងពីរនេះ វាបានធ្វើឱ្យអ្នកកាន់សាសនាអ៊ីស្លាមរាប់លាននាក់នៅជុំវិញពិភពលោកខឹងសម្បារ និងបង្កឱ្យមានការតវ៉ា រួមទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេលើពិភពលោកផងដែរ៕