(ប្រេតូរីយ៉ា)៖ ប៉ូលិសនៅប្រទេសអាហ្រ្វិកខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មានមនុស្សចំនួន៨នាក់ ត្រូវបានបាញ់សម្លាប់ និង៣នាក់ទៀតបានរងរបួស ក្នុងករណីបាញ់ប្រហារដ៏ភ្ញាក់ផ្អើលមួយ កំលុងពិធីជប់លៀងខួបកំណើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ក្រុមមន្រ្តីប៉ូលិសបានអះអាងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃអាទិត្យកន្លងទៅ ក្នុងខេត្តជ្រោយខាងកើត (Eastern Cape) នៅពេលខ្មាន់កាំភ្លើងមានគ្នាសរុបចំនួន២នាក់ បានបើកការវាយប្រហារទៅលើ ភ្ញៀវដែលកំពុងចូលរួមពិធីខួបកំណើតក្នុងផ្ទះមួយខ្នង។ ខាងប៉ូលិសមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយទេ ខណៈពួកគេកំពុងបន្តការស៉ើបអង្កេតជុំវិញករណីនេះ។

គួរបញ្ជាក់ថា បើតាមប៉ូលិសអាហ្រ្វិកខាងត្បូង ម្ចាស់ផ្ទះនិងជាម្ចាស់ពិធីជប់លៀងខួបកំណើត គឺស្ថិតក្នុងចំណោមជនរងគ្រោះ ដែល​បានបាត់បង់ជីវិត។ សម្រាប់ចេតនានៅពីក្រោយការវាយប្រហារវិញ​ គឺមិនទាន់អាចត្រូវបានកំណត់ច្បាស់នៅឡើយ៕