(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសនៅថ្ងៃអាទិត្យនេះ នូវវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប៉ាឡេស្ទីន រួមទាំងវិធានការពង្រីកការតាំងទីលំនៅខុសច្បាប់របស់ខ្លួន នៅតំបន់ West Bank ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារបាញ់ប្រហារចំនួនពីរ ចាប់តាំងពីល្ងាចថ្ងៃសុក្រមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

វិធានកា​រ​នេះ​ត្រូវ​បាន​អនុម័តកាលពីយប់ថ្ងៃសៅរ៍ ដោយ​ខុទ្ទកាល័យ​សន្តិសុខ​របស់​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​សមាសភាព​ពី​រដ្ឋ​មន្ត្រី​ស្តាំនិយមជ្រុល និងរដ្ឋមន្ត្រីគាំទ្រ​ការ​តាំង​ទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល។

លោក Netanyahu បាននិយាយថា ផែនការពង្រឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល នឹងត្រូវសម្រេចនៅចុងសប្តាហ៍នេះ ហើយសិទ្ធិជាពលរដ្ឋ និងសិទ្ធិស្នាក់នៅរបស់គ្រួសារអ្នកវាយប្រហារ (ប៉ាឡេស្ទីន) ក៏ដូចជាលំនៅឋានរបស់ពួកគេអាចនឹងត្រូវដកហូតផងដែរ។

កាលពីថ្ងៃសៅរ៍ លោក Netanyahu បាននិយាយថា លោកនឹងពន្លឿនការអនុញ្ញាតឱ្យមានកាំភ្លើងសម្រាប់ពលរដ្ឋអ៊ីស្រាអែល និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូល «អាវុធខុសច្បាប់»

គួរបញ្ជាក់ថា ល្ងាច​ថ្ងៃ​សុក្រ អ្នក​ស្រុក​ប៉ាឡេស្ទីន​ម្នាក់​នៅ​ក្រុង​ហ្សេរុយសាឡឹម​ខាង​កើត ​បាន​បាញ់​សម្លាប់​ជនជាតិ​អ៊ីស្រាអែលចំនួន០៧នាក់ និង​៣នាក់​ផ្សេង​ទៀត​រង​របួស។ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍សប្តាហ៍ដដែលនេះ ជន​ជាតិ​ប៉ាឡេស្ទីន​អាយុ ១៣​ឆ្នាំ​ម្នាក់ក៏​បាន​បាញ់​ប្រហារ​លើ​ក្រុម​អ៊ីស្រាអែល​មួយ​ក្រុម ដែល​ធ្វើ​ឲ្យ​ពួកគេ​ពីរ​នាក់​រង​របួសផងដែរ។

ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០នាក់ រួមទាំងស្ត្រីអាយុ ៦១ឆ្នាំម្នាក់ផងដែរ៕