(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញមុនរិះគន់ខ្លាំងៗ ចំពោះគំនិតអព្យាក្រឹតភាពនៅក្នុង​វិស័យកីឡា​ កំលុងគ្រាដែលអត្តពលិកនៃប្រទេសរបស់លោក ត្រូវតស៊ូប្រយុទ្ធនិងពលីជីវិតក្នុងសង្រ្គាម ខណៈអត្តពលិករបស់រុស្ស៉ីឯណោះ បែរជាមាន​ឱកាសអាចត្រូវអនុញ្ញាតឱ្យចូលរួមប្រកួត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងយ៉ាងដូច្នេះថា «វាមិនសមនឹងមាននោះទេនូវអព្យាក្រឹតភាព នៅពេលដែលសង្រ្គាមដូចបច្ចុប្បន្ន កំពុងតែបន្តប្រព្រឹត្តទៅ។ យើងដឹងហើយថា វាជារឿងញឹកញាប់កម្រិតណាដែលពួកប្រើអំណាចជិះជាន់ផ្តាច់ការ ប្រើប្រាស់កីឡាសម្រាប់បម្រើ​ដល់ផលប្រយោជន៍មនោគមន៍វិជ្ជារបស់ពួកគេ»

លោក ហ្សេលេនស្គី បានបន្តថា «អត្តពលិកអ៊ុយក្រែនត្រូវបង្ខំឱ្យកាន់អាវុធ ដើម្បីប្រយុទ្ធការពារមនុស្សជាទីស្រឡាញ់របស់ពួកគេ ព្រមទាំង​សេរីភាពរបស់យើងទាំងអស់គ្នា ពីការឈ្លានពានរបស់រុស្ស៉ី។ ការវាយប្រហាររបស់រុស្ស៉ី បានផ្តាច់ជីវិតប្រជាជនអ៊ុយក្រែនទាំងប្រុសទាំងស្រីរាប់រយនាក់ ដែលកុំតែបែបនេះគឺអាចនាំយកទេពកោសល្យពួកគេ ទៅបង្ហាញក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនានា»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃតំបន់អាស៉ី បានប្រកាសផ្តល់ឱកាសឱ្យអត្តពលិករុស្ស៉ីនិងបេឡារុស អាចចូលរួមប្រកួតនៅអាស៉ីបាន ដែលជាការអាចបើកផ្លូវឱ្យពួកគេឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២៤។ អ៊ុយក្រែនបាន​​និយាយថាខ្លួននឹងធ្វើពហិកា ប្រសិនបើអត្តពលិករុស្ស៉ីនិងបេឡារុសចូលរួម៕