(កៀវ)៖ ក្រសួងការបរទេស​អ៊ុយក្រែនគ្រោង​កោះហៅ​ឯកអគ្គរដ្ឋទូត​ហុងគ្រី​មក​ត្អូញត្អែរ​អំពី​ការ​លើក​ឡើង​ ដែល​នាយក​រដ្ឋមន្ត្រី​ហុងគ្រី លោក វ៉ិចទ័រ អរបាន (Viktor Orban) បាន​និយាយ​អំពី​អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

ការ​ប្រកាស​ខាងលើនេះហាក់​បង្ហាញ​ពី​ទំនាក់ទំនងកម្រិតទាប​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូលិនកូ (Oleg Nikolenko) បានឲ្យដឹងថា លោក អរបាន បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនជាទឹកដីគ្មានមនុស្ស ហើយប្រៀបធៀបវាទៅនឹងប្រទេសអាហ្វហ្គានីស្ថាន។ អ៊ុយក្រែនចាត់ទុកថា ការអត្ថាធិប្បាយបែបនេះគឺមិនអាចទទួលយកបានទាំងស្រុង។ ទីក្រុង Budapest កំពុងចង់បំផ្លាញទំនាក់ទំនងហុងគ្រី និងអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា «ឯកអគ្គរដ្ឋទូតហុងគ្រីនឹងត្រូវកោះហៅទៅកាន់ក្រសួងការបរទេសអ៊ុយក្រែន ដើម្បីពិភាក្សាដោយស្មោះត្រង់។ យើង​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​ផ្សេង​ទៀត​ជា​ការ​ឆ្លើយ​តប»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីបាននិយាយថាប្រទេសហុងគ្រីនឹងបោះឆ្នោតវេតូរាល់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលពាក់ព័ន្ធដល់ថាមពលនុយក្លេអ៊ែរ។ ហុងគ្រីមានរោងចក្រនុយក្លេអ៊ែរដែលផលិតដោយរុស្ស៊ី ហើយគ្រោងនឹងពង្រីកថែមទៀត៕