(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នឹងជួបប្រជុំជាមួយលោកស្រី លីននី ត្រេកស៉ី (Lynne Tracy) ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំទីក្រុងមូស្គូ នៅដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

លោកស្រី ត្រេកស៉ី បានទៅដល់ទីក្រុងមូស្គូ កាលពីដើមសប្តាហ៍នេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) និយាយថា វត្តមានរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងមិនធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងនោះទេ ដោយសារតែគោលជំហររបស់ទីក្រុងវ៉ាស៉ីនតោននៅតែបន្តប្រឆាំងនឹងរុស្ស៉ី។

បើតាមលោក រីយ៉ាបកូវ សំណើរជួបប្រជុំផ្លូវការពីលោកស្រីត្រេកស៉ី បានទទួលការយល់ព្រមរួចរាល់ហើយ។ កាលបរិច្ឆេទនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។ រុស្ស៊ីចាត់ទុកការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ថាមានជំហរប្រឆាំងនឹងប្រទេសរបស់ខ្លួន៕