(វែលីងតោន)៖ មនុស្ស ៣នាក់ បានស្លាប់ និងម្នាក់ទៀតបានបាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯទីក្រុង អូកក្លែន (Auckland) នៃប្រទេសនូវែលសេឡង់ ខណៈមនុស្សជាច្រើននាក់ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព រីឯអាកាសយានដ្ឋានត្រូវបិទទ្វារជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

ការប្រកាសភាពអាសន្ន នៅតែមានសុពលភាពនៅឡើយ ក្នុងទីក្រុង Auckland ដែលមានប្រជាជនរស់នៅជាង ៦លាននាក់ នៅថ្ងៃសៅរ៍នេះ បើទោះជាភ្លៀងធ្លាក់បានថមថយចុះ ក៏ដោយ ក្រោយគ្រោះទឹកជំនន់កើតឡើងភ្លាមៗដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ។ កម្រិតកម្ពស់ទឹកភ្លៀងត្រូវបានគេរាយការណ៍ថាបានហក់ឡើងដល់ ១៥០មីលីម៉ែត្រ នៅតាមតំបន់មួយចំនួន។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះដែរ ភ្លៀងធ្លាក់បានថមថយចុះ ប៉ុន្តែអាជ្ញាធរនូវែលសេឡង់ នៅតែជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុអាក្រក់អាចនឹងកើតឡើងជាថ្មី នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕