(ញូវដេលី)៖ យន្ដហោះចម្បាំង ២គ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅឯទីក្រុង ម៉ូរេណា (Morena) នៃរដ្ឋម៉ាឌីយ៉ា ប្រាដែស (Madhya Pradesh) នៅថ្ងៃសៅរ៍នេះ កំលុងការហ្វឹកហ្វឺនបណ្ដុះបណ្ដាលមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

បើតាមអាជ្ញាធរឥណ្ឌា បំណែកយន្ដហោះចម្បាំងប្រភេទ Su-30 និង Mirage 2000 ត្រូវបានរកឃើញ ហើយយន្ដហោះចម្បាំងទាំង២គ្រឿងនេះត្រូវបានគេរាយការណ៍ថា បានហោះចាកចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Gwalior នៃរដ្ឋ Madhya Pradesh ដើម្បីចូលរួមក្នុងហ្វឹកហាត់មួយ។ យន្ដហោះចម្បាំង Su-30 មានពីឡុតចំនួន ២នាក់ រីឯយន្ដហោះ Mirage 2000 មានពីឡុតម្នាក់។ អាជ្ញាធរឥណ្ឌា បានបញ្ជាក់ទៀតថាពីឡុត២នាក់ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព រីឯពីឡុតម្នាក់ទៀតកំពុងស្ថិតនៅក្រោម ការស្វែងរកនៅឡើយ។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែល បណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២នេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ថាតើ យន្ដហោះចម្បាំង Su-30 និង Mirage 2000 បានបុកគ្នា នៅលើអាកាសដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ ទាហានឥណ្ឌា ៥នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯរដ្ឋ អារូណាចាល់ ប្រាដែស (Arunachal Pradesh) ស្ថិតនៅក្បែរតំបន់គ្មានយោធា និងជម្លោះព្រំដែនជាមួយចិន៕