(កៀវ)៖ គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបណ្ដេញសមាជិកសភាម្នាក់ចេញពីក្រុមតំណាងរាស្ត្ររបស់ខ្លួន បន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាសមាជិករូបនេះបានធ្វើដំណើរទៅកាន់ប្រទេសថៃ អំឡុងសង្រ្គាមឈ្លានពានពីសំណាក់រុស្ស៉ីប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

លោកស្រី យូលីយ៉ា ប៉ាលីឈុក (Yulia Paliychuk) ជាអ្នកនាំពាក្យគណបក្សបម្រើប្រជាជន ឬ Servant of the People ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោក មីកូឡា ទីសិនកូ (Mykola Tyshchenko) ត្រូវបានបណ្ដេញចេញពីក្រុមតំណាងរាស្ត្ររបស់គណបក្សនៅឯសភាជាតិ ក្រោយ មានសេចក្ដីប្រកាសមួយនៅលើគេហទំព័រស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃថា លោក ទីសិនកូ នឹងជួបជាមួយប្រជាជនអ៊ុយក្រែននៅឯសណ្ឋាគារមួយនៅទីនោះ (ប្រទេសថៃ)។

ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណបក្ស លោក ទីសិនកូ បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានធ្វើដំណើរធុរកិច្ចទៅកាន់តំបន់អាស៊ី ដោយមាន ការយល់ព្រមពីថ្នាក់ដឹកនាំគណបក្ស និងបានធ្វើសកម្មភាពរបស់ផលប្រយោជន៍អ៊ុយក្រែន។ ប៉ុន្តែ ប្រធានសភាអ៊ុយក្រែន លោក រូស្លាន់ ស្ទេហ្វាន់ឈុក (Ruslan Stefanchuk មកពីគណបក្សបម្រើប្រជាជន បានអះអាងថាលោកមិនដែលបានផ្ដល់ការអនុញ្ញាតសម្រាប់ដំណើរទស្សនកិច្ចបែបនេះឡើយ។

គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនជាច្រើននាក់ ត្រូវបានបណ្ដេញចេញ ឬលាលែងពីតំណែងនៅក្នុងសប្ដាហ៍នេះ ក្នុងនោះរួមមានរដ្ឋអាជ្ញារងម្នាក់ ដែលទទួលរងការរិះគន់យ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរវិស្សមកាលនៅក្នុងប្រទេសអេស្ប៉ាញ នៅក្នុងបរិបទដែលលោក ហ្សេលេនស្គី កំពុងដឹកនាំយុទ្ធនាការលើកកម្ពស់មុខមាត់ និងការទទួលខុសត្រួវរបស់ មន្ត្រីអ៊ុយក្រែន។ លោក ហ្សេលេនស្គី នៅក្នុងសប្ដាហ៍នេះក៏បានប្រកាសហាមឃាត់ក្រុមមន្ត្រីពីការធ្វើដំណើរឯកជនទៅក្រៅប្រទេសផងដែរ ក្នុងពេលដែលបុរសអ៊ុយក្រែន មានអាយុ ពី១៨ ដល់៦០ឆ្នាំ ត្រូវបានហាមឃាត់ចេញពីប្រទេស ក្រោមច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕