(វ៉ាស៉ីនតោន)៖ នៅទីបំផុតទៅ ក្រោយស្ទាក់ស្ទើរអស់ពេលរាប់ខែមកនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានយល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យអ៊ុយក្រែនហើយ នៅចំពោះមុខការព្រមានថា រុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយនៅនិទាឃរដូវខាងមុខ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ ទី២៥ ខែមករានេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូន រថក្រោះ Abrams ចំនួន៣១គ្រឿងឱ្យអ៊ុយក្រែន បន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះ ចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។

ការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នាពេលកន្លងមក គឺដោយសារតែចង់បញ្ចៀសកុំឱ្យសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ ផ្ទុះទៅជាជម្លោះដោយផ្ទាល់រវាងរុស្ស៉ី និង NATO។ ដូច្នេះថាតើ មានមូលហេតុអ្វីទៅដែលបានកែប្រែចិត្តសហរដ្ឋអាមេរិក យល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធ Abrams ឱ្យទីក្រុងកៀវ?

ជាការពិតណាស់ មកទល់នឹងសព្វថ្ងៃ សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំមុខគេក្នុងការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ ហើយថក្រោះ Abrams ៣១គ្រឿង គឺគ្រប់គ្រាន់ល្មមសម្រាប់ កងពលរថក្រោះមួយរបស់អ៊ុយក្រែន។ ក្រៅតែពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប៉ូឡូញ ក៏បានសន្យាបញ្ជូនរថក្រោះចំនួន១៤គ្រឿងរៀងៗខ្លួនសម្រាប់អ៊ុយក្រែនផងដែរ ខណៈប្រទេសអឺរ៉ុបដទៃទៀតដូចជា ន័រវែស ហ្វាំងឡង់ អេស្ប៉ាញ ហូឡង់ ព័រទុយហ្កាល់ បារាំង និងដាណឺម៉ាកសុទ្ធតែបានសន្យាផ្ដល់រថក្រោះធុនធ្ងន់របស់ខ្លួន។ បើតាមសារព័ត៌មាន New York Times ជាគោលការណ៍រថក្រោះលោកខាងលិចយ៉ាងហោច ១០៥គ្រឿង ត្រូវបានសន្យាបញ្ជូនឱ្យអ៊ុយក្រែន។

* តើរថក្រោះទាំងនេះគ្រប់គ្រាន់ដែរឬទេ?
ក្រុមមន្ត្រីយោធាអ៊ុយក្រែន បានទទូចជាយូរមកហើយថាពួកគេត្រូវការរថក្រោះលោកខាងលិចយ៉ាងហោច ៣០០គ្រឿង ដើម្បីអាចបង្កើតស្ថានភាពអំណោយផល និងរីកចម្រើននៅលើសមរភូមិ ដែលនេះជាចំនួនរថក្រោះដ៏ច្រើនបំផុតមួយនៅកម្រិតថ្នាក់ជាតិ។ យោធាអឺរ៉ុបចំនួន១៣ប្រទេស ត្រូវបានគេរាយការណ៍ថាមានរថក្រោះ Leopard 2 ជាង២,០០០គ្រឿង រីឯរុស្ស៉ីក៏នៅសល់ រថក្រោះជាច្រើនពាន់គ្រឿងទៀតដែរ។

លោក David Silbey ជាអ្នកវិភាគសមរភូមិសង្រ្គាមម្នាក់មកពីសាកលវិទ្យាល័យ Cornell University បាននិយាយថាដោយសារតែរថក្រោះ Leopard 2 និង Abrams មានអត្ថាប្រយោជន៍ ខាងគុណភាពខ្ពស់ជាងរថក្រោះរុស្ស៉ី ដូច្នេះប្រសិនបើលោកខាងលិចយល់ព្រមផ្គត់ផ្គង់រថក្រោះពី ៥០០ ទៅ១,០០០គ្រឿង នោះវានឹងបង្កើតស្ថានភាពអំណោយផលយ៉ាងសម្បើមសម្រាប់ អ៊ុយក្រែន។

* ហេតុអ្វីបានជាសហរដ្ឋអាមេរិក ព្រមបញ្ជូនរថក្រោះ Abrams ឱ្យអ៊ុយក្រែន?
នៅក្នុងបទសម្ភាសន៍ជាច្រើន នាពេលកន្លងមក ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានទទួលស្គាល់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ព្រមទាំង មេដឹកនាំអឺរ៉ុបផ្សេងទៀត ពិតជាមានការខ្វែងគំនិតគ្នាជុំវិញការបញ្ជូនអាវុធធុនធ្ងន់ឱ្យអ៊ុយក្រែន។ ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ ក្រុមមន្ត្រីទាំងនេះបានអះអាងថាស្ថានភាពនៅលើសមរភូមិ បានផ្លាស់ប្ដូរ ហើយពួកគេក៏ជឿដែរថាការគំរាមកំហែងដែលថាលោកប្រធានាធិបតី ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក មានការថយចុះ។ លើសពីនេះទៅទៀត ការបញ្ជូនអាវុធ ធុនធ្ងន់ដូចជារថក្រោះ Leopard 2 ឬ Abrams ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ពង្រាយជាលើកដំបូង នៅក្នុងសង្រ្គាមឆ្នាំ១៩៩១ គឺជាសារមួយផ្ញើទៅកាន់លោក ពូទីនឱ្យដឹងថាការរំពឹងទុក របស់លោកដែលចង់ឃើញអឺរ៉ុបបែកបាក់គ្នានៅក្នុងរដូវរងា បានបរាជ័យ ហើយការប្ដេជ្ញាចិត្តគាំទ្ររបស់ NATO ចំពោះអ៊ុយក្រែនមិនមានការប្រែប្រួលឡើយ។

ការលើកឡើងបែបនេះរបស់ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប ត្រូវបានបញ្ជាក់ឡើងជាថ្មីដោយលោក ចូ បៃដិន ផ្ទាល់ ក្នុងពេលប្រកាសពីការសម្រេចចិត្តបញ្ជូនរថក្រោះ Abrams ឱ្យអ៊ុយក្រែន ជាមួយ ការសង្កត់ធ្ងន់ពីសាមគ្គីភាពរបស់ NATO​។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «លោក ពូទីន រំពឹងថាការប្ដេជ្ញាចិត្តរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក ចុះទន់ខ្សោយ...តែរថក្រោះទាំងនេះគឺជា ភស្ដុតាងបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់យើងចំពោះអ៊ុយក្រែន និងទំនុកចិត្តរបស់យើងចំពោះសមត្ថភាព និងជំនាញនៃកងកម្លាំងអ៊ុយក្រែន»។

យ៉ាងណាក៏ដោយ លោកស្រី Sofia Besch ជាអ្នកជំនាញខាងវិស័យការពារជាតិអឺរ៉ុប មកពីវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាការសម្រេចចិត្តផ្ដល់រថក្រោះ Abrams គឺជាការសម្រេចចិត្តមានលក្ខណៈនយោបាយ ដើម្បីជំរុញឱ្យអាល្លឺម៉ង់យល់ព្រមបញ្ជូនឱ្យអ៊ុយក្រែននូវរថក្រោះ Leopard 2 ដែលមន្ទីរបញ្ចកោណ វាយតម្លៃថាជារថក្រោះប្រយុទ្ធស័ក្តិសមបំផុតសម្រាប់សមរភូមិសព្វថ្ងៃ ក្រោមហេតុផលមួយចំនួន។ ម្យ៉ាង ការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះ Leopard 2 មានភាពងាយស្រួល ហើយក៏ ចាយពេលតិច និងស្រួលបញ្ជូនឱ្យអ៊ុយក្រែនជាងរថក្រោះ Abrams ដ្បិត Leopard 2 មាននៅអឺរ៉ុបស្រាប់។ ម្យ៉ាងវិញទៀត បើអាល្លឺម៉ង់យល់ព្រមផ្ដល់ Leopard 2 នោះប្រទេសអឺរ៉ុបដទៃដែល មានរថក្រោះប្រភេទនេះ មុខជានឹងអាចបញ្ជូនឱ្យអ៊ុយក្រែន ដែលនេះអាចនឹងចូលរួមចំណែកជួយសម្រាលបន្ទុកសហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនដែរ។

* តើពេលណាទើបអ៊ុយក្រែន ទទួលបានរថក្រោះ Abrams និង Leopard 2?
ក្រុមមន្ត្រីអាមេរិក បាននិយាយថាការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ពីរបៀបប្រើរថក្រោះ Abrams ឱ្យមានប្រសិទ្ធភាពអាចនឹងចំណាយពេលជាច្រើនខែ ប៉ុន្តែការបណ្ដុះបណ្ដាលពីរបៀបប្រើ រថក្រោះ Leopard 2 ឬ Challenger 2 អាចនឹងចំណាយពេលលឿនជាងនេះ។ បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) ការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះ Leopard 2 អាចនឹងត្រូវចំណាយពេលពី ៣ ទៅ៤សប្ដាហ៍ ដើម្បីឱ្យទាហានអ៊ុយក្រែនទទួលបានជំនាញមូលដ្ឋាន។ ផ្ទុយពីរថក្រោះដទៃ Abrams មាន បំពាក់ដោយម៉ាស៊ីនមួយមានប្រើនៅក្នុងយន្ដហោះដែលអាចឱ្យរថក្រោះនេះធ្វើដំណើរគ្រប់ស្ថានភាពផ្លូវមិនថាមានព្រិលធ្លាក់ខ្លាំង ឬក៏ដីភក់នោះឡើយ។ ដោយសារតែលក្ខខណៈទំនើបជាងគេនេះឯង ទើបក្រុមមន្ត្រីអាមេរិកជារឿយៗតែងអះអាងថាការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះ Abrams មិនត្រឹមតែមានស្មុគស្មាញនោះទេ សូម្បីតែការថែទាំក៏មានភាពលំបាកដែរ ដោយវាទាមទារឱ្យមាន ស្ថិរភាព នៃខ្សែចង្វាក់ផ្គង់ផ្គង់ដើម្បីអាចធានាបានថារថក្រោះនេះទទួលបានការផ្គង់ផ្គង់ឥនន្ធៈគ្រប់ពេលវេលា និងការផ្គត់ផ្គង់ដទៃទៀតដែល Abrams ត្រូវការជាចាំបាច់នៅលើសមរភូមិ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក និងអាល្លឺម៉ង់ ការបណ្ដុះបណ្ដាលពីរបៀបប្រើរថក្រោះ Abrams និង Leopard 2 ដល់ទាហានអ៊ុយក្រែននឹងត្រូវធ្វើឡើងឆាប់ៗនេះ ហើយការផ្ដល់អាវុធ ធុនធ្ងន់ប្រភេទនេះគឺជាជោគជ័យមួយដ៏ធំខាងការទូតរបស់អ៊ុយក្រែន និងការត្រួសត្រាយផ្លូវឱ្យអ៊ុយក្រែនបន្តបញ្ចុះបញ្ចូលឱ្យលោកខាងលិចបញ្ជូនយន្ដហោះចម្បាំង មីស៊ីលចម្ងាយឆ្ងាយ និងអាវុធ ទំនើបៗដទទៃទៀតមកឱ្យទាហានរបស់ខ្លួន ដើម្បីវាយបណ្ដេញទាហានរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។

រថក្រោះ Abrams ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៨០ តែរហូតដល់សង្រ្គាមឈូងសមុទ្រពែក្សនៅឆ្នាំ១៩៩១ ទើបវាត្រូវបានសហរដ្ឋអាមេរិកដាក់ពង្រាយជាលើកដំបូង។ Abrams ក៏បានចូលរួម ចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការជួយទាហានអាមេរិកវាយទម្លុះខ្សែការពារទាហានអ៉ីរ៉ង់ នៅក្នុងសង្រ្គាមឈ្លានពានរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ២០០៣។ មិនតែប៉ុណ្ណោះ យោធាអាមេរិក ដែលធ្លាប់បានបញ្ជារថក្រោះនេះនៅលើសមរភូមិសង្រ្គាម បានកោតសរសើរយ៉ាងខ្លាំងដល់សមត្ថភាពរថក្រោះនេះ នៅក្នុងផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក Government Accountability Office ក្នុងឆ្នាំ១៩៩២ ដោយបញ្ជាក់ថា Abrams មួយចំនួនបានរងការវាយប្រហារដោយផ្ទាលពីរថក្រោះ T-72 របស់ទាហានអ៉ីរ៉ាក់ តែវារងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ៕