(ប៉ារីស)៖ លោកស្រី Catherine Colonna រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងកិច្ចការបរទេសរបស់ប្រទេសបារាំង បានទៅដល់ទីក្រុង Odessa របស់អ៊ុយក្រែន នេះបើតាមសំណេរលើ Twitter របស់លោកស្រីផ្ទាល់ដែលបានសរសេរនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

លោកស្រីបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំនៅទីក្រុង Odessa ដើម្បីបញ្ជាក់ពីការគាំទ្ររបស់បារាំង ចំពោះអធិបតេយ្យភាពអ៊ុយក្រែន»

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានសរសេរនៅលើ Twitter ថា លោកកំពុងទន្ទឹងរង់ចាំពិភាក្សាអំពីតួនាទីរបស់បារាំង នៅក្នុងក្រុមចម្រុះរថក្រោះអន្តរជាតិ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងរូបមន្តសន្តិភាព។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ អាល្លឺម៉ង់បានប្រកាសជាផ្លូវការហើយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏នឹងផ្តល់ការអនុញ្ញាតដល់ បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។

 ទន្ទឹមគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផងដែរ៕