(ឡុងដ៏)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា អង់គ្លេសមិនមានផែនការបញ្ជូនយន្តហោះចម្បាំង ទៅអ៊ុយក្រែនឡើយ ដោយសារតែមានការបារម្ភថា សកម្មភាពបែបនេះនឹងនាំឲ្យកើនឡើងនូវជម្លោះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

ក្រោយពីមានការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដើម្បីបញ្ជូនរថក្រោះទៅអ៊ុយក្រែននៅថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានិយាយថាលោកនឹងជំរុញចាប់ពីពេលឥលូវនេះតទៅ ឲ្យលោកខាងលិចផ្ដល់យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជាយន្ដហោះចម្បាំងអាមេរិក F-16 ជាដើម មកឲ្យទាហានរបស់ខ្លួន។

ដោយដកស្រង់ប្រភពពីកងទ័ពអាកាសអង់គ្លេស សារព័ត៌មាន The Telegraph បានរាយការណ៍ថា ការបញ្ជូនយន្តហោះចម្បាំងទៅឲ្យទីក្រុងកៀវ ត្រូវបានអាជ្ញាធរចក្រភពអង់គ្លេសមើលឃើញថា នឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង។ ទោះជាទីក្រុងឡុងដ៍ មិនបានច្រានចោលជាផ្លូវការ ជុំវិញការផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយនោះក្តី The Telegraph បានបញ្ជាក់ថា ជំហានបែបនេះមិនត្រូវលើកយកមកពិចារណា នៅពេលនេះទេ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលហូឡង់បាននិយាយថា ខ្លួនត្រៀមរួចជាស្រេចក្នុងការពិចារណាលើ ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅ ឲ្យអ៊ុយក្រែន ដោយស្មារតីបើកចំហ។ ក្រោយមក នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតេ (Mark Rutte) បាននិយាយថា បច្ចុប្បន្នបញ្ហានេះគឺនៅក្រៅតុពិភាក្សា ប៉ុន្តែគ្មានអ្វីដែលត្រូវបដិសេធនោះទេ៕