(តៃប៉ិ)៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃពុធថា អតីតអនុប្រធានាធិបតិតៃវ៉ាន់ លោក ឈិន ជានចិន (Chen Chien-Jen) នឹងឡើងជានាយករដ្ឋមន្រ្តីថ្មី ដែលជាផ្នែកនៃការរុះរើគណៈរដ្ឋមន្រ្តី ក្រោយការទទួលបរាជ័យធ្ងន់ធ្ងរ របស់គណបក្សកាន់អំណាច DPP ក្នុងការបោះឆ្នោតថ្នាក់តំបន់ កាលពីឆ្នាំទៅមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេងឆាង (Su Tseng-Chang) និងគណៈរដ្ឋមន្រ្តីរបស់លោក បានដាក់ពាក្យលាលែងពីតំណែង កាលពីសប្តាហ៍កន្លងទៅ នៅមុនការរុះរើគណៈរដ្ឋមន្រ្តី ដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ហើយវាកើតមានឡើងបន្ទាប់ពីគណបក្ស DPP ទទួលលទ្ធផលមិនបានល្អក្នុងការបោះឆ្នោតថ្នាក់តំបន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងស្របពេលដែលតៃវ៉ាន់កំពុងត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនិងសមាជិកសភា នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-Wen) នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីប្រកាសជាផ្លូវការអំពីការរុះរើគណៈរដ្ឋមន្រ្តី។ លោក ឈិន ដែលមានវ័យ៧១ឆ្នាំ ធ្លាប់កាន់តួនាទី​ជាអនុប្រធានាធិបតីតៃវ៉ាន់ កំលុងអាណត្តិទីមួយរបស់លោកស្រី សៃ គឺចន្លោះឆ្នាំ២០១៦-២០២០៕